ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ២៣លានដុល្លារដល់កម្ពុជា នៅក្នុងឆ្នាំ២០១៦

ភ្នំពេញ: នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.ន/ក.អ.ក) ដោយមានកិច្ចសហការយ៉ាងជិតស្និតជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំសិក្ខាសាលាស្តីពីការធ្វើអង្កេត (Request Survey Workshop) សម្រាប់រៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥត សំណងពីសាធារណរដ្ឋកូរ៉េសម្រាប់ឆ្នាំ២០១៨។

គោលដៅចម្បងនៃសិក្ខាសាលានេះគឺ ការបង្កើនការយល់ដឹងអំពីកម្មវិធីផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េប្រចាំកម្ពុជា និងការរៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ដើម្បីធានាឲ្យមានសង្គតិភាពជាមួយកម្មវិធី ផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់កូរ៉េ និងអាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣។

ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ បើគិតត្រឹមឆ្នាំ២០១៥ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានប្រមាណ ៤៧៩លានដុល្លារអាមេរិក។ ក្នុងឆ្នាំ២០១៥ សាធារណរដ្ឋកូរ៉េ បានផ្តល់ហិរញ្ញប្បទានប្រមាណ ៥៦លានដុល្លារ ក្នុងនោះហិរញ្ញប្បទានឥតសំណង ចំនួន ៣១លានដុល្លារ និងកម្ចីសម្បទានចំនួន ២៥លានដុល្លារ។

ហិរញ្ញប្បទានទាំងនេះត្រូវបានប្រើប្រាស់សម្រាប់គាំទ្រដល់វិស័យអាទិភាពចំនួន៤ រួមមាន វិស័យសុខាភិបាល, ការអភិវឌ្ឍធនធានមនុស្ស, វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល និងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ។ ក្នុងឆ្នាំ២០១៦ ទំហំហិរញ្ញប្បទានអាចកើនដល់ ៧៨លានដុល្លារ ក្នុងនោះទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ គ្រោងបើកផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ២៣លានដុល្លារ។ នេះបានឆ្លុះបញ្ចាំងពី ការប្តេជ្ញារបស់កូរ៉េក្នុងកិច្ចសហប្រតិបត្តិការ ទោះបីកម្ពុជាកំពុងឈានឡើងពីចំណាត់ថ្នាក់នៃប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូល មធ្យមកម្រិតទាបក៏ដោយ។

សូមបញ្ជាក់ថា អង្គសិក្ខាសាលាបានផ្តោតលើរបៀបវារ:សំខាន់ ២គឺ ១.គោលនយោបាយនិងអាទិភាព ព្រមទាំងនីតិវិធីនៃការផ្តល់ហិរញ្ញប្បទាន របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និង២.ការរៀបចំសំណើគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំ២០១៨៕

jjj

មតិយោបល់