ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ដីព្រៃលិចទឹកក្នុងតំបន់៣ ស្រុកកំពង់ស្វាយ រាប់រយហិចតា កំពុងរងការទន្ទ្រានឈូសឆាយយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

កំពង់ធំៈ ដីព្រៃលិចទឹក ស្ថិតក្នុងភូមិសាស្ត្រតំបន់៣ រាប់រយហិកតានៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវគេយកគ្រឿងចក្រទៅឈូសឆាយរំលោភទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយអាជ្ញាធរ និងសមត្ថកិច្ចជំនាញឆ្លើយថា មិនដឹង។

យោងតាមការចង្អុលបង្ហាញពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដីព្រៃលិចទឹក ដែលការឈូកឆាយនេះ ស្ថិតនៅចំណុចបឹងអង្ក្រង ខាងត្បូងបឹងធំ និងខាងលិចបឹងរៀល ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់៣ ក្នុងឃុំសាន់គរ ហើយសកម្មភាពគ្រឿងឈូសឆាយដីព្រៃលិចទឹកនេះ គឺបានបានកើតឡើងតាំងពីកំឡុង ខែមេសា ឆ្នាំ២០១៦ ប៉ុន្តែមិនឃើញមានការអន្តរាគមន៍ បង្ក្រាប និងទប់ស្កាត់នោះទេ ទើបពួកគាត់លួចផ្ដល់ដំណឹថទម្លាយរឿងនេះ ដល់អ្នកសារព័ត៌មាន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនេះ បានបន្តថា បើឮតាមគេនិយាយ គឺការឈូសឆាយនេះ មានការរៀបចំឲ្យឈ្មួញធំណាម្នាក់ ដោយមានការឃុបឃិតពីលោកមេប៉ុស្ដិ៍សាន់គរ និងលោក សៅ សិរីវុឌ្ឍន៍ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ។ ទិដ្ឋភាពជាក់ស្ដែង ដីព្រៃលិចទឹក ដែលរងការឈូសឆាយនេះ គឺគេឈូសឆាយ ជាច្រើនកន្លែងជាប់ៗគ្នា ហើយទុករបាំងព្រៃរបៀបជាព្រំប្រទល់ ដែលធ្វើឲ្យប្រជាពលរដ្ឋសន្និដ្ឋានថា ជាបំភ័ន្តភ្នែកថា សកម្មភាពឈូសឆាយនេះ គឺជាប្រជាពលរដ្ឋក្នុងការកាន់កាប់ជាលក្ខណគ្រួសារ ប៉ុន្តែការពិតនៅពេលមានឱកាសល្អ ឬត្រូវរ៉ូវគ្នាអស់ហើយ គឺគេឈូសទម្លាយព្រៃព្រំប្រទល់នោះចេញ គឺផុសចេញផ្ទៃដីរាប់រយហិកតាតែម្ដង។

លោក សៅ សិរីវុឌ្ឍ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើនោះទេ សូម្បីតែដឹងក៏លោកមិនបានដឹងផង ទើបតែដឹងតាមអ្នកសារព័ត៌មាននេះតែប៉ុណ្ណោះ ជាមួយគ្នានេះ លោកបានសួរទៅខាងសហគមន៍ គឺគេឆ្លើយថា មានការឈូកឆាយដីព្រៃលិចទឹកនៅតំបន់នោះមែន ហើយលោកបានរាយការណ៍ទៅលោកអភិបាលស្រុករួចហើយ ហើយនៅបំណាច់ខែនេះ លោកអភិបាលស្រុកនឹងដឹកនាំកម្លាំងចុះទៅពិនិត្យនៅតំបន់នោះហើយ។

ប៉ុន្តែទោះជា មានការអះអាងយ៉ាងនេះក្ដី ក៏លោក អ៊ុត បុត្ត អភិបាលស្រុកកំពង់ស្វាយ មិនបានបំភ្លឺដូចម្ដេចនោះទេ ពីករណីដីនេះ ព្រោះពេលនេះ អ្នកសារព័ត៌មានព្យាយាមទំនាក់ទំនងសុំបំភ្លឺពីលោកមិនបាននោះទេ៕

មតិយោបល់