អ៊ីរ៉ាក់: សេចក្តីថ្លែងការណ៍តាមប្រព័ន្ធអនឡាញបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យនេះ ក្រុមរដ្ឋអ៊ិស្លាម IS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកអត្តឃាតក្នុងរថយន្តនៅក្នុងរដ្ឋធានីបាដាដ ប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៦នាក់ រួមទាំងក្មេង២៥នាក់ និងរងរបួស១៨៧នាក់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦នេះ។
ការបំផ្ទុះដែលមានឥទ្ធិពលបានវាយប្រហារនៅក្បែរអគារចំនួន៥កន្លែង និងហាងលក់ដូរនិងបានបំផ្លាញតូបលក់និងរថយន្តជនស៊ីវិលជាច្រើនទៀត ដែលបានសម្លាប់អ្នកដើរផ្សារនៅកន្លែងប្រមូលផ្តុំគ្នាជាច្រើននាក់ផងដែរ។ IS បានផ្តោតជាញឹកញាប់កងសន្តិសុខនិងតំបន់ដែលហ្វូងមនុស្សប្រមូលផ្តុំ រួមបញ្ចូលទាំងផ្សារ ហាងកាហ្វេនិងវិហារអ៊ិស្លាម នៅទូទាំងប្រទេសអ៊ីរ៉ាក់។
អ៊ីរ៉ាក់ត្រូវបានវាយប្រហារដោយរលកថ្មីនៃអំពើហិង្សាចាប់តាំងពីក្រុមភេរវកររឹបអូសយកផ្នែកខ្លះនៃតំបន់ភាគខាងជើងនិងភាគខាងលិចរបស់ប្រទេសអ៊ីរ៉ាក់ កាលពីខែមិថុនា ឆ្នាំ២០១៤។
សូមបញ្ជាក់ថា របាយការណ៍របស់អង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់ (UNAMI) បានប៉ាន់ប្រមាណថា មានជនជាតិអ៊ីរ៉ាក់ ៦៦២នាក់បានស្លាប់ និង១.៤៥៧នាក់ទៀតបានរងរបួសក្នុងអំពើភេរវកម្មអំពើហិង្សានិងជម្លោះប្រដាប់អាវុធនៅក្នុងខែមិថុនា នៅទូទាំងប្រទេសអ៊ីរ៉ាក់៕



មតិយោបល់