ព័ត៌មានជាតិ

ជនជាតិរៀតណាមផឹកប៉ះចំស្រាកាច ដេញកាប់អ្នកលក់ខ្ចៅ រហូតដល់មុខប៉ុស្តិ៍ប៉ូលិស

កណ្តាលៈ បុរសស្រវឹងស្រាម្នាក់ជាជនជាតិវៀតណាម ប្រហែលជាផឹកចំស្រាកាចខ្លាំង បានដេញកាប់បុរសម្នាក់ជាអ្នកលក់ខ្ចៅ រហូតដល់ប៉ុស្តិ៍ប៉ូលិស ចុងក្រោយ ក៏ត្រូវបានសមត្ថកិច្ចស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួនភ្លាមៗ និងធ្វើការដកហូតកាំបិតខ្វែវ០១ដើមផងដែរ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង២០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិពុកឬស្សី កណ្តាល ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះដែលជាអ្នកលក់ខ្ចៅនោះ ឈ្មោះនួន សេង ហៅ ត្រេន ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។

ចំណែកជនល្មើស ឈ្មោះ បា តាំ ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំ កើតហេតុជាមួយ ប្រពន្ធ ឈ្មោះ ស៑ុន សុធី អាយុ ៣២ឆ្នាំ។

នៅក្នុងហេតុការណ៍នោះដែរ សមត្ថកិច្ច បានដកហូតវត្ថុតាង មាន កាំបិតខ្វែវចំនួន ១, ម៉ូតូ១គ្រឿង(មធ្យោបាយធ្វើសកម្មភាព)គ្មានផ្លាកលេខ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសជាជនជាតិវៀតណាមនេះ គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយកន្លងមកជនល្មើសធ្លាប់ចោទជនរងគ្រោះថា ជាកម្លាំងរបស់នគរបាល។ នៅពេលកើតហេតុជនល្មើសបានផឹកស្រាស្រវឹងឃើញជនរងគ្រោះកំពុងជិះកង់ ជនល្មើសបានកាន់កាំបិតខ្វែវដើរសំដៅជនរងគ្រោះ ដោយស្រែកថា «អាត្រេន អញកាប់អ្ហែងឲ្យងាប់ អ្ហែង គីញ ប៉ូលិស»។ ពេលនោះជនរងគ្រោះក៏ផ្តួលកង់ចោល រត់សំដៅទៅកន្លែងគេធ្វើសំណង់ហើយបានខ្ចីម៉ូតូអ្នកធ្វើសំណង់ ជិះទៅប្តឹងនគរបាលប៉ុស្តិ៍ពុកឬស្សី។

ពេលជិះដល់ប៉ុស្តិ៍ ជនល្មើសជិះម៉ូតូកាន់កាំបិត ខ្វែវតាមពីក្រោយ តាមកាប់ជនរងគ្រោះបន្តទៀត ពេលនោះកម្លាំងប៉ុស្តិ៍ចេញអន្តរាគមន៍ ឃាត់ជនល្មើសបានរួមទាំងវត្ថុតាងនិងមធ្យោបាយធ្វើសកម្មភាព បញ្ជូនមកអធិការដ្នាននគរបាលស្រុក បន្តចាត់ការតាមនីតិវិធី៕

មតិយោបល់