ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកនយោបាយស្នើមេដឹកនាំទាំង២ កុំឲ្យមានព្រឹត្តិការណ៍ ដូចថ្ងៃទី៥-៦កក្កដា ១៩៩៧ ជាថ្មីនៅកម្ពុជា

ភ្នំពេញៈ ក្រុមអ្នកនយោបាយដែលមិនមានសំឡេងក្នុងរដ្ឋសភា ដែលធ្លាប់បានឆ្លងកាត់ភ្លើងសង្រ្គាមជាច្រើនជំនាន់ បានស្នើឲ្យមេដឹកនាំបក្សទាំង២ ក្នុងរដ្ឋសភា បញ្ជៀសនូវការបង្កាត់ភ្លើងសង្រ្គាមសម្រាប់កម្ពុជា ដូចព្រឹត្តការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ពោល គឺត្រូវដោះស្រាយបញ្ហាជាតិ ដោយសន្តិវិធី ប្រើប្រាស់យន្តការសន្ទនា ជៀសជាងប្រើប្រាស់រូបភាពហិង្សា។

អតីតជាមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងជាមន្រ្តីជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ លោក ញឹក ប៊ុនឆៃ ដែលបច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ បានលើកឡើងក្នុងពិធីបុណ្យទក្ខិណានុប្បទាន និងសូត្រមន្តបង្សុកុលឧទ្ទិសកុសលជូនវិញ្ញាក្ខន្ធ នៃអ្នកដែលបានបាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គម្រប់១៩ឆ្នាំ និងវិញ្ញាណក្ខ័ន្ធអ្នកដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិនៅបូជនីដ្ឋានអ្នកប្រជាធិបតេយ្យ ស្ថិតក្នុងបរិវេណវត្តចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញថា កម្ពុជា មិនចង់ឃើញសង្រ្គាមតទៅទៀតទេ គឺចង់បានប្រទេសមានសន្តិភាព មានសុខដុមនីយកម្ម មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ មនុស្សទទួលបានសិទ្ធិអប់រំ សិទ្ធិរស់រៀនដោយភាពស្មើគ្នានៅក្នុងសង្គម។

លោកបានរំឭកថា ព្រឹត្តិការណ៍ដែលធ្វើឲ្យមានការផ្ទះអាវុធដាក់គ្នា នៅថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ កើតឡើងដោយសារភាពមិនជឿទុកចិត្តគ្នា ក្នុងនាមជាដៃគូរក្នុងរដ្ឋាភិបាលចម្រុះ ដែលកាលណោះ មានគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា ពិសេស គឺការធ្វើតុល្យភាពកម្លាំងទ័ពរវាងគណបក្សកាន់អំណាចទាំង២។ ភាពមិនជឿទុកចិត្តគ្នា ការមិនជជែកដោះស្រាយគ្នា ការលើកឡើងនូវយុទ្ធសាស្រ្តផ្សេងៗដែលនាំឲ្យមានការយល់ច្រឡំគ្នា និងភាពមិនទទួលខុសត្រូវរបស់មេដឹកនាំមួយចំនួនទៀត ពោល គឺមិនមានការឯកភាពក្នុងនាមជាជាតិសាស្រ្តតែមួយនោះ ទើបបង្កឲ្យមានសង្រ្គាមរវាងគ្នា និងគ្នាដូចថ្ងៃ៥-៦ កក្កដា ១៩៩៧នោះ កើតឡើង។

លោក ញឹក ប៊ុនឆៃ អះអាងថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាចំណែកទទួលខុសត្រូវមួយយ៉ាងធំក្នុងរឿងនេះ ព្រោះព្រះអង្គជានាយករដ្ឋមន្រ្តីទី១ ពេលទទួលបាននូវព័ត៌មានមិនពិតប្រាកដ នាំឲ្យមានការយល់ច្រឡំរវាងដៃគូរចម្រុះក្នុងរដ្ឋាភិបាល ពិសេសការធ្វើឲ្យមានមន្ទិលសង្ស័យដាក់គ្នា រហូតឈានទៅមានព្រឹត្តិការណ៍នោះកើតឡើង។

លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា “បញ្ហានោះ សម្តេចក្រុមព្រះ បានដឹងជាមុនថា នឹងកើតរឿងបែបនោះឡើង ទើបព្រះអង្គមិនទទួលជួបខ្ញុំ ដែលនាំនូវការស្នើពីសម្តេចនាយករដ្ឋមន្រ្តីទី២ ក្នុងបំណងជួបពិភាក្សាគ្នាដោះស្រាយនូវមន្ទិលទាំងឡាយ ព្រមទាំងបានយាងចេញទៅក្រៅប្រទេសធ្វើឲ្យមានសង្រ្គាមនោះកើតឡើង បង្កឲ្យមានការបាត់បង់ជីវិត ទ្រព្យសម្បត្តិជាតិ និងទ្រព្យសម្បត្តិប្រជាជនជាច្រើនសន្ធឹកសន្ធាប់”

យ៉ាងណាក្ដី លោកស្នើឲ្យគណបក្សដែលមានអាសនៈក្នុងរដ្ឋសភាទាំង២ ធ្វើយ៉ាងណាឲ្យមានការដោះស្រាយបញ្ហាប្រទេសជាតិ ដែលប្រជាជនកំពុងប្រឈមជៀសជាងគិតពីផលប្រយោជន៍បក្ស ផលប្រយោជន៍ផ្ទាល់ខ្លួនធំជាងផលប្រយោជន៍ជាតិ៕

មតិយោបល់