ភ្នំពេញៈ ថ្ងៃទី៧ ខែកក្កដា នេះ គឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិខ្មែរនៃការចុះបញ្ជីដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកខួបលើទី៨ឆ្នាំ (៧-កក្កដា-២០០៨)(៧-កក្កដា-២០១៦)។
ក្នុងថ្ងៃនេះដែរ ក៏ជាថ្ងៃការប៉ុនប៉ងដណ្តើមយកប្រាសាទព្រះវិហាររបស់ខ្មែរពីសំណាក់ក្រុមជ្រុលនិយមរបស់ថៃដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី អាប់ភីសីត វីចាជីវ៉ា ធ្វើឲ្យមានការ ប៉ះទង្គិចគ្នារវាងកងទ័ពឈុតខ្មៅថៃ និងកងយោធពលខេមរភូមិន្ទ បណ្តាលឲ្យស្លាប់និងរបួសទាំងសងខាងផងដែរ។
មន្ត្រីរដ្ឋាភិបាលកម្ពុជា និងអ្នកវិភាគឯករាជ្យ យល់ឃើញដូចគ្នាថា ការចុះបញ្ជីប្រាសាទព្រះវិហារ ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក វាមិនត្រឹមតែបង្ហាញពីមោទនភាពរបស់ខ្មែរប៉ុណ្ណោះទេ គឺវាថែមទាំងធ្វើឲ្យពិភពលោកទាំងមូល មានកាតព្វកិច្ចជួយការពារ និងថែរក្សាមរតកវប្បធម៌ដ៏មានតម្លៃមួយនេះឲ្យគង់វង្សយូរអង្វែងទៀតផង។
ចាប់តាំងពីការចុះបញ្ជីប្រាសាទព្រះវិហារ ទៅជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ រហូតមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ គឺមានរយៈពេល៨ឆ្នាំហើយ។
ថ្ងៃទី៧ កក្កដា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋមន្ត្រីរាជការនៅតាមក្រសួងមន្ទីរ និងគ្រួសារយោធាបានចូលរួមធ្វើពិធីរំឭកខួប៨ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារផងដែរ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច យល់ឃើញថា ការចុះបញ្ជីប្រាសាទព្រះវិហារ ទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គឺធ្វើឲ្យកម្ពុជា មានមោទនភាពចំនួន៥ចំណុច ដូចជា ធ្វើឲ្យពិភពលោកទទួលស្គាល់ថា កម្ពុជាជាម្ចាស់នៃប្រាសាទនេះ ហើយវប្បធម៌ និងស្ថាបត្យកម្ម ដែលគេឲ្យតម្លៃខ្ពស់បំផុតនោះ គឺធ្វើឲ្យពិភពលោកដឹងថា ជាមរតករបស់ខ្មែរ ជាដើម៖ “ចំណុចសំខាន់ គឺមិនមែនទទួលស្គាល់តែក្នុងប្រទេសអាស៊ាន ឬក៏តែប្រទេសដែលនៅជិតខាងប៉ុណ្ណោះទេ គឺពិភពលោកទាំងមូលដឹងថា នេះគឺជារតនៈកម្ពុជា ហើយបានក្លាយទៅជាសម្បត្តិពិភពលោកផង”។
កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ គណៈកម្មាធិការបេតិកភណ្ឌរបស់អង្គការយូណេស្កូ បានសម្រេចចុះបញ្ជីប្រាសាទព្រះវិហាររបស់ខ្មែរ ដែលមានអាយុកាលជាង ១.០០០ឆ្នាំ នៅលើកំពូលភ្នំដងរែក ឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក តាមរយៈការបោះឆ្នោតនៅទីក្រុងកេប៊ិច (Quebec) នៃប្រទេសកាណាដា (Canada)។
នៅក្រោយការចុះបញ្ជីប្រាសាទព្រះវិហារឲ្យក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោកមកប្រទេសថៃ បានខឹងសម្បារ ហើយក៏លើកទ័ពជាង៥០០នាក់ ចូលលុកលុយតំបន់ប្រាសាទព្រះវិហារ ចាប់ពីថ្ងៃទី១៥ ខែកក្កដា បណ្ដាលឲ្យកងទ័ពខ្មែរ និងថៃ បានវាយប្រយុទ្ធគ្នាជាច្រើនលើកក្នុងរឿងជម្លោះព្រំដែនតំបន់ប្រាសាទព្រះវិហារផងដែរ។
នៅក្រោយការតតាំងប្តឹងផ្តល់ទៅតុលាការអន្តរជាតិក្រុងឡេអេ ប្រទេសហូឡង់ ធ្វើឲ្យថៃចាញ់ក្តីយ៉ាងអាម៉ាស់ជាលើកទី២ នឹងដក់កងទ័ពចេញពីតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ៕
ប្រវត្តិនៃប្រាសាទព្រះវិហារ
យើងបានដឹងគ្រប់គ្នាហើយថា ប្រាសាទព្រះវិហាបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ កក្កដា ២០០៨ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា។ ប៉ុន្តែមកដល់ថ្ងៃនេះប្រហែលជាមិនមានអ្នកដែលបានយល់ដឹងច្បាសនៅលើយទេអំពីប្រវត្តិនៃប្រាសាទនេះ។ ហេតុនេះ ខ្ញុំសូមលើយកមកសរសេរបន្តិចទៅចុះ គ្រាន់ហ្នឹងបានយល់ខ្លះៗអំពីសម្បត្តិនិងទឹកដី ដ៏មហាអស្ចារ្យនៃយើងនិយាយអំពីទីតាំង ប្រាសាទព្រះវិហារស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក ហើយមានផ្ទៃក្រលា ៨០០ x ៤០០ ម៉ែត្រការ៉េ ដែលជាតំបន់ប្រវត្តិសាស្ត្រមួយ មានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ(ឯកសារបារាំង)រឺ៦១៥ម៉ែត្រ(ឯកសារអង់គ្លេស) ។
ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០)
ព្រះបាទសូរ្យវរ្ម័នទី១ (សាងសង់ក្នុងគ.ស ១០០២-១០៥០)
ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០)
និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។
ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទរាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ហើយសរសេរជាភាសាសំស្រ្កឹត និងភាសាខ្មែរ។ អត្ថន័យក្នុងនោះមានចែងថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះៗគឺប្រាសាទព្រះវិហារនេះឯង។ គេសរសេរថា “ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់” ។
លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។
ដូចនេះ យើងឃើញថាព្រះអង្គ ឥន្រ្ទាយុទ្ធ មានក៏ជាតួរអង្គម្នាក់ដែលសំខាន់ក្នុងរឿងប្រាសាទនេះដែរ។ ចំពោះប្រវត្តរបស់គាត់ខ្ញុំនឹងយកមកនិយយានៅថ្ងៃក្រោយ។
ដោយឡែក បើតាមអត្ថបទសិលាចារឹក នៅឯប្រាសាទព្រះវិហារ កាលេខ ៣៨១ ដែលសរសេរជាភាសាខ្មែរផងនិងសំស្រ្កឹតផង បានឲ្យដឹងបន្ថែមថា មានព្រាហ្មណ៍ម្នាក់ឈ្មោះ តៈបៈស្វិន្រ្ទបណ្ឌិត ជាមនុស្សសំខាន់ដែលទាក់ទិននឹងប្រវតិ្តប្រាសាទព្រះវិហារ ។ តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយ នៅនឹងដែនដីនៃទីតាំងប្រាសាទព្រះវិហារនោះ ។ នៅរវាងឆ្នាំ១០២៤ គឺលោកបានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើន ពីព្រះបាទសុរិយវរ្ម័នទី១ ព្រោះតែព្រះអង្គដឹងគុណដល់លោក តៈបៈស្វិន្រ្ទៈបណ្ឌិត ដែលបានថែរក្សាលិង្គព្រះអាទិទេព ស្រីសិខៈរិស្វារៈ។
ព្រះបាទ សុរិយវរ្ម័នទី១ លោកជឿខ្លាំងណាស់ នេះបើតាមសិលាចារឹក ។ លោកជឿថា លិង្គដែលមានព្រះនាម ស្រីសិខៈ រិស្វារៈ ដែលធ្វើរួចហើយពីវត្តភូ យកមកទុកនៅនឹងប្រាសាទព្រះវិហារ លិង្គនេះឯង តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារឲ្យលោកឃើញ ។ លោកគ្មានពេលនឹងទៅធ្វើពិធីគោរពបូជាដល់លិង្គហ្នឹង មានតែ តៈបៈស្វិន្រ្ទៈបណ្ឌិត នោះទេ គាត់ធ្វើ ហើយលោកសុំឲ្យខំធ្វើនោះតទៅទៀត ដើម្បីឲ្យបានបុណ្យបានផលហ្នឹងដល់លោកនិងប្រទេសកម្ពុជា ។ សេចក្តីក្នុងសិលាចារឹកនោះ បញ្ជាក់ហើយបញ្ជាក់ទៀត ព្រះអង្គម្ចាស់ខំធ្វើខ្លាំងណាស់ ខ្ញុំសូមបញ្ជាក់ថា អ្នកដែលនៅបម្រើនៅក្នុងប្រាសាទព្រះវិហារ នៅដើមសតវត្សរ៍ទី១ នៃរជ្ជកាលរបស់ព្រះបាទ សុរិយវរ្ម័នទី១ មានមនុស្សច្រើនណាស់ មិនមែនមានតែព្រាហ្មណ៍ទេ មានអ្នកខ្លះ ជាពល ជាអ្នកស្រុកនៃភូមិដែលនៅជិតៗហ្នឹង គេមានឈ្មោះភូមិគេ ប៉ុន្តែភូមិខ្លះយើងអត់ដឹងថា ទីតាំងនៅត្រង់ណា តែនៅនឹងជើងភ្នំ អាចឡើងមកនៅលើភ្នំទៀត សុទ្ធតែជាអ្នកនៅគោរព នៅបូជា អ្នកដែលជួយធ្វើនេះធ្វើនោះ ដើម្បីថែរក្សា ។ អ៊ីចឹង ព្រះបាទ សុរិយវរ្ម័នទី១ លោកសុំឲ្យយកអ្នកទាំងអស់គ្នានេះ ចូលមកស្បថធ្វើឲ្យបានត្រឹមត្រូវ ។ មិនមែនគ្រាន់ជាអ្នកបម្រើ យើងធ្វើតាមចិត្ត អត់ទេ ។
សម្បថនោះមានអីខ្លះទៅ?
សម្បថនោះមានដូចតទៅ៖ បើអ្នកឯងស្បថថា យាមប្រាសាទ គឺប្រាកដជាយាមប្រាសាទ ។ បើអ្នកឯងថែទាំប្រាសាទ ប្រាកដជាថែទាំប្រាសាទ ។ ហើយលោកបញ្ជាក់ថា បើអ្នកឯងជាអ្នកថែទាំប្រាសាទ អ្នកឯងជាអ្នកការពារ អ្នកនៅបម្រើទាំងអស់ហ្នឹង សូម្បីតែនៅក្នុងប្រាសាទ ក៏ត្រូវការរពារ អ្នកអស់ហ្នឹង សូម្បីតែគេទៅធ្វើការនៅក្រៅប្រាសាទ ឧទាហរណ៍ដូចជាទៅធ្វើស្រែ ឃ្វាលគោ ដែលនៅក្រៅរង្វង់ប្រាសាទ អ្នកឯងក៏ត្រូវការពារគេនោះដែរ ។ ហើយលោកឲ្យការពារកុំឲ្យមានពួកបះបោរ មកធ្វើបាបអ្នកស្រុកអស់នោះ ។
ដូច្នេះសម្បថនេះមិនដូចសម្បថដែលពួកអ្នករាជការ គេហៅតម្រួតលោកឲ្យធ្វើស្បថចំពោះលោក ដែលគេចារនៅលើខ្លោងទ្វារប្រាសាទវិមានអាកាស នៅអង្គរនោះមិនដូចគ្នាទេ ។ នេះគឺយើងស្បថ យើងសម្រេចថា យើងនៅបម្រើអាទិទេព សិខៈ រិស្វារៈ នៅនឹងភ្នំព្រះវិហារនេះ» ។
នៅក្នុងចំណោមអ្នកដែលនៅបម្រើលិង្គព្រះអាទិទេព ស្រីសិខៈ រិ ស្វារៈ កាលណោះមានបុរសម្នាក់ឈ្មោះ ស្រីសុកៈរាមា ជាមនុស្សសំខាន់ ។ស្រីសុកៈរាមានេះ មានក្រុមគ្រួសាររបស់គាត់ ជាអ្នករក្សាទុកឯកសារប្រវត្តិសាស្រ្តខ្មែរ តាំងពីព្រះរាជាកម្ពុជា រឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្ត្រ កិច្ចការរាជការ និងរឿងស្នាព្រះហស្តផ្សេងៗ តាំងពីសម័យមុនអង្គរគឺព្រះបាទស្រីប្បវរ័្មន រហូតមកដល់ព្រះបាទ ស្រី សុរិយវរ័្មន នេះ មានទាំងអស់ គេសរសេរទុក ខ្ញុំមើលនៅស្លឹកហ្នឹង គឺស្លឹករឹតហើយ ។ ទុកនៅនឹងប្រាសាទព្រះវិហារផង និងទុកនៅនឹងប្រាសាទមួយទៀត ដែលសព្វថ្ងៃនេះ នៅនឹងប្រាសាទខាងជើងភ្នំដងរែក ។ គេយកគាត់មកនិយាយនេះ គឺគាត់ជាអ្នកគោរពត្រឹមត្រូវ ជួយធ្វើការបោសសំអាត រៀបចំគោរព ស្រី សិខារិស្វារៈ ។
ព្រះបាទសុរិយវរ្ម័នទី១ លោកជាអ្នកកាន់ព្រះពុទ្ធសាសនា ថេរវាទ ។ លោកនៅតែគោរពព្រះឥសូរ ព្រោះនៅក្នុងសិលាចារឹកនេះឯង គេបាននិយាយថា ដើម្បីកំណត់ព្រំប្រទល់អំណាចរបស់លោកបណ្តោះអាសន្ន លោកឲ្យគេធ្វើលិង្គ៤ ដែលលិង្គនីមួយៗឈ្មោះដដែលគឺ សុរិយ វ៉ារមិស្វារៈ គឺឥសូរដែលមានឈ្មោះហៅថា សុរិយវរ្ម័ននេះឯង ។
លិង្គមួយត្រូវបានយកទៅទុក នៅក្នុងខេត្តបាត់ដំបង គឺវត្តឯក គឺឈ្មោះថា ជ័យក្សេត្រ នៅព្រំប្រទល់ខាងលិច ។
នៅ ព្រំប្រទល់ខាងជើង គឺយកលិង្គមួយ ផ្សេងទៀតដែលព្រះនាមដដែលនោះ យកមកទុកនៅព្រះវិហារ កំណត់បណ្តោះអាសន្នព្រំប្រទល់អំណាចរបស់លោកនៅផ្នែខាងជើង ។
មានមួយទៀតយកទៅទុកនៅលើភ្នំ សូរិយាទ្រិ គឺភ្នំព្រះឥសូរ ភ្នំឥសូរយើងនៅខេត្តតាកែវសព្វថ្ងៃនេះ ហ្នឹងគឺផ្នែកទិសខាងត្បូង ។
ហើយមានមួយទៀត លិង្គឈ្មោះដដែលហ្នឹង គឺទុកនៅឥសាន តិរថៈប្រហែលជានៅតាមដងទន្លេមេគង្គ ប្រហែលជានៅខាងក្រចេះស្ទឹងត្រែង ។
លិង្គ ទាំងបួននេះ គេយកទៅប្រតិស្ឋនៅទិសទាំងបួនហ្នឹង នៅនឹងគ.ស. ១០១៨ ។ នេះគឺជាអ្វីដែលព្រះបាទ សុរិយវរ្ម័នទី១ លោកបានធ្វើសម្រាប់ប្រាសាទភ្នំព្រះវិហារ។
សិលាចារឹកនៅនឹងភ្នំសន្តក កាលេខ ១៩៤ នៅភ្នំព្រះវិហារនេះ កាលេខ ៣៨៣ និយាយច្រើនណាស់ តែអំពីព្រាហ្មណ៍ម្នាក់ ឈ្មោះ ទិវាក ឬ ទិវាការៈ ។ ហេតុអ្វី ព្រាហ្មណ៍នេះ បម្រើស្តេចខ្មែរតាំងតែពីនៅវ័យក្មេង តាំងតែពីជំនាន់រជ្ជកាលព្រះបាទ ឧទ័យៈទិត្យវរ័្មន ទី២ ដែលលោកកសាងប្រាសាទ បាពួន ហើយរហូតមកដល់រជ្ជកាលព្រះបាទ សុរិយវរ្ម័នទី២ ។ លោកបានទទួលងារធំជាងគេបំផុត ក្នុងចំណោមព្រាហ្មណ៍ជាទីប្រឹក្សាផ្ទាល់របស់ព្រះបាទ សុរិយវរ្ម័នទី២ ហើយ លោកតែងតាំងជាព្រាហ្មណ៍ធំ សម្រាប់ធ្វើរាជាភិសេកទាំងអស់ស្តេចទាំងប៉ុន្មាន ។ សេចក្តីសំខាន់នៃសិលាចារឹកដែលទាក់ទងនឹងព្រះវិហារ គឺលោកជាអ្នកចាត់ចែងតបញ្ជាពីព្រះបាទ សុរិយវរ្ម័នទី២ មក ទ្រព្យសម្បត្តិទាំងប៉ុន្មានសម្រាប់ប្រាសាទទាំងអស់ នៅក្នុងស្រុកខ្មែរហ្នឹង គឺលោកចាត់ចែង ។ ទ្រព្យសម្បត្តិភាគច្រើនដែលព្រាហ្មណ៍ទិវាក បានទទួលជាព្រះរាជទានពីព្រះមហាក្សត្រ រួមមានគ្រឿងអលង្ការជាមាស ជាពេជ្រដ៏មានតម្លៃ និងជាវត្ថុមានតម្លៃជាមធ្យមក្តី គឺលោកយកទៅថ្វាយព្រះអាទិទេព ស្រីសិខៈ រិស្វារៈ ទាំងអស់ ។ ដូច្នេះចំពោះប្រាសាទភ្នំព្រះវិហារនេះ ដែលមានអាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង ព្រាហ្មណ៍ ឈ្មោះ ទិវាការៈ លោកមានកិច្ចការសម្រាប់ប្រាសាទព្រះវិហារ។
ព្រាហ្មណ៍ ទិវាការៈ ឬ ទិវាក នេះ លោកទៅសង់រូបអាទិទេពផ្សេងៗ លោកឲ្យដីភូមិ លោកទៅបោះព្រំប្រទល់ លោកឲ្យពល*សម្រាប់ភូមិណា ដែលត្រូវការដើម្បីឲ្យអាចបានធ្វើការ យកស្រូវ យកអង្ករហ្នឹង យកមកបូជាធ្វើពិធីផ្សេងៗ នៅក្នុងប្រាសាទព្រះវិហារនេះ ។ ហើយមួយពេលនោះ លោកទទួលបានបុស្បុកមាសជារង្វាន់ពីព្រះបាទសុរិយវរ្ម័នទី២ លោកយកទៅថ្វាយអាទិទេព ស្រីសិខៈ រិស្វារៈ ។ ពេលដែលចូលឆ្នាំក៏លោកធ្វើសម្រាប់អាទិទេព ស្រីសិខៈ រិស្វារៈ ហ្នឹង គឺលោកយកសំរឹទ្ធទៅក្រាលនៅកណ្តាលប្រាសាទ ដែលគេយល់ថាប្រាសាទនៅឯចុងភ្នំនោះ ហើយយកចានធ្វើអំពីមាស ពីប្រាក់ យកទៅប្រើប្រាស់នៅក្នុងប្រាសាទ មានឲ្យជាសត្វពាហនៈ មានឲ្យជាខ្ញុំបម្រើ ។ បន្ទាប់មកទៀត លោកធ្វើការជួសជុលសំណង់ផ្សេងៗ លោកជាអ្នកទទួលព្រះករុណាយាងទៅណា លោកទៅតាមដើម្បីនឹងទទួលកិច្ចការដែលពិនិត្យមើលប្រាសាទនានា ក្នុងព្រះរាជាណាចក្រ ។ អ៊ីចឹងផ្នែកខាងបូជា ផ្នែកខាងរក្សាប្រាសាទ ព្រះបាទសុរិយវរ្ម័នទី២ លោកផ្ទុកផ្ដាក់ទៅលើព្រាហ្មណ៍ ឈ្មោះ ទិវាក ឬ ទិវាការៈ នេះឯង៕
មតិយោបល់