ភ្នំពេញៈ បន្ទាប់ពីហេតុការណ៍បាញ់សម្លាប់អ្នកវិភាគនយោបាយ និងការអភិវឌ្ឍន៍របស់សង្គមដ៏ល្បីឈ្មោះនៅកម្ពុជា សហរដ្ឋអាមេរិក បាន និងកំពុងតាមដានយ៉ាងយកចិត្តទុដាក់នៅក្នុងករណីនេះ និងបានកត់សម្គាល់ផងដែរ ពីការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានការស៊ើបអង្កេត។
នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ លោក JOHN KIRBY អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លើកឡើងថា ការបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏សំខាន់របស់ប្រទេសកម្ពុជា លោកបណ្ឌិត កែម ឡី ធ្វើឲ្យមានការរន្ធត់ និងបារម្ភយ៉ាងខ្លាំង។ លោកក៏បានធ្វើការអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ធ្វើការស៊ើបអង្កេតក្នុងករណីនេះ ដោយម៉ត់ចត់ និងមិនលំអៀងផងដែរ។
លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករឈ្មោះ ជួប សម្លាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានទៅរស់នៅប្រកបមុខរបរធ្វើជាកម្មករចម្ការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃនោះ បានបាញ់សម្លាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក កែម ឡី មានអាយុ៤៦ឆ្នាំ មុខរបរប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកមានប្រពន្ធ និងកូន៤នាក់ ក្នុងបន្ទុក និងម្នាក់ ក្នុងពោះ៕
មតិយោបល់