ភ្នំពេញៈ បុរសជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿង បត់ស្តាំដៃក្នុងល្បឿនលឿនពេក បួងចង្កូតមិនទាន់ ជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់៨កង់ ជាហេតុធ្វើឲ្យរថយន្តបង្កកល់ទៅមុខលែងរួច។ សំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងជើងស្តុបណតប្រីត ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវណតប្រីត ភូមិស្នែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យថា មុនកើតហេតុ គេឃើញបុរសជនជាតិចិន២នាក់ បើករថយន្តមួយគ្រឿងម៉ាក មីតស៊ុយមីតសុី ត្រាយតុន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-0398 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច ក្នុងល្បឿងយ៉ាងលឿន លុះមកដល់ស្តុបបែកជាបួន ផ្លូវណតប្រីត បានបត់ស្តាំដៃ លុះដល់ចំណុចកើតហេតុខាងលើ ដោយល្បឿនរថយន្តលឿនពេក បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់៨កង់ រថយន្តបង្កកល់លើទ្រូវផ្លូវទៅមុខលែងរួច សំណាងល្អមិនបណ្តាលឲ្យមានអ្នកណារងរបួសឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងរថយន្តបង្កទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់