ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រោយជ័យជំនះ ថ្ងៃ១៧មេសា ១៩៧៥ របបថ្មីដឹកនាំដោយខ្មែរក្រហម បានដាក់ចេញ ផែនការ ៨ចំណុច

ភ្នំពេញ៖ ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានបញ្ចប់ យ៉ាងសប្បាយរីករាយ រយះពេល៤ថ្ងៃ យុវវ័យខ្មែរ និងប្រជាពលរដ្ឋខ្មែរ ជាច្រើន បាននឹងកំពុងធ្វើដំណើរ យ៉ាងសស្រាក់សស្រាំ ត្រឡប់ពីស្រុកកំណើត ចូលមកកាន់រាជធានីភ្នំពេញ ដើម្បីប្រកបការងារចិញ្ចឹមជីវិត និងក្រុមគ្រួសារ ជាប្រក្រតី។

១៧ មេសា ឆ្នាំនេះ ពលរដ្ឋខ្មែរ ទោះជិះលើរថយន្តក្រុង រថយន្តឈ្នួល ឬធ្វើដំណើរ តាមមធ្យោបាយផ្ទាល់ខ្លួន គឺសុទ្ធតែបានបង្ហាញនូវទឹកមុខ ប្រកបដោយសេចក្តីសុខ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំ តែបើយើងក្រឡេកទៅកាន់ អតីតកាល ពោលកាលពី ៤១ឆ្នាំមុន ថ្ងៃ១៧ មេសានេះ ជាថ្ងៃដែលពលរដ្ឋខ្មែរ ជាពិសេសអ្នករាជធានីភ្នំពេញ មិនបានបង្ហាញនូវទឹកមុខ ដែលប្រកបដោយសេចក្តីសុខនោះឡើយ ជាថ្ងៃដែលពោរពេញដោយទុក្ខព្រួយ ក្នុងរាជធានីភ្នំពេញទាំងមូល ត្រូវប្រែជាស្ងប់ស្ងាត់ លើផ្លូវថ្នល់គ្រប់ច្រកល្ហក ត្រូវកាន់កាប់ដោយទាហ៊ានឈុតខ្មៅរបស់ក្រុមបដិវត្តបក្សកុម្មុយនីស្តខ្មែរ ដឹកនាំដោយ ប៉ុល ពត។

នៅវេលាម៉ោង៩កន្លះព្រឹក ថ្ងៃទី១៧ មេសា ១៩៧៥ កងទាហានស្លៀកខោអាវខ្មៅ បានដើរប្រសាចពាសពេញទីក្រុង គ្រាដែលក្រុមទាហានរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ បានលើកទង់ជ័យ ស គ្រប់កន្លែង។

ការដណ្តើមចេញជំនះលើខ្មែរគ្នាឯង ប្រកបដោយមោទនរបស់ទាហានខ្មែរក្រហម ចូលកាន់កាប់រាជធានីភ្នំពេញ នាពេលនោះ ទទួលបានការអបអរសាទរ យ៉ាងកងរំពង ពីសំណាក់ប្រជាជនក្នុងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែមិនយូរប៉ុន្មាន អំណរនឹងជ័យជំនះ អំណរនឹងក្តីសង្ឃឹមថា សង្គ្រាមត្រូវបានបញ្ចប់នេះ បានរលាយបាត់បង់ទៅវិញក្រោយ ពេលទាហានខ្មែរក្រហម បំពាក់ដោយមនោគមវិជ្ជា គ្មានក្តីមេត្តានោះ ចាប់បង្ខំឲ្យប្រជាជន ចាកចេញភ្លាមៗ ពីទីក្រុងភ្នំពេញ។ អ្នកដែលចចេសមិនព្រមធ្វើតាម ត្រូវទាហានខ្មែរក្រហម បាញ់សម្លាប់ចោល។

ក្រោយជ័យជំនះ ថ្ងៃ១៧ មេសា ១៩៧៥ របបថ្មីដឹកនាំ ដោយបក្សកុម្មុយនីស្តកម្ពុជា ឬខ្មែរក្រហម បានដាក់ចេញ ផែនការ ៨ចំណុច មហារុងរឿង មហាលោតផ្លោះ! ។ គោលនយោបាយទាំងនោះ រួមមាន៖

១- ជម្លៀសប្រជាជនចេញពីទីក្រុង ហើយប្រជាជនត្រូវបែងចែកជាពីរប្រភេទ គឺប្រជាជនដែលរស់នៅក្នុងតំបន់រំដោះ មុនថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនចាស់” និងប្រជាជន ដែលទើបតែជម្លៀសចេញពីទីក្រុង ក្រោយថ្ងៃ១៧ មេសា ដែលគេឲ្យឈ្មោះថា “ប្រជាជនថ្មី” ឬ “ពួក១៧ មេសា”។

២- លុបបំបាត់ចោលទាំងស្រុង នូវសេដ្ឋកិច្ចទីផ្សារសេរី។

៣- លុបបំបាត់ចោលនូវការចាយលុយ។

៤- ព្រះសង្ឃទាំងអស់ត្រូវចាប់ផ្សឹក ហើយបញ្ជូនឲ្យទៅធ្វើស្រែ។

៥- សម្លាប់ចោលទាំងអស់រាល់មន្រ្តី ដែលធ្វើការឲ្យរបប លន់ នល់។

៦- បង្កើតជាសហករណ៍នៅទូទាំងប្រទេស។

៧- បណ្តេញជនជាតិវៀតណាមឲ្យអស់ពីប្រទេសកម្ពុជា។

៨- ដាក់ពង្រាយកងទ័ពនៅតាមព្រំដែន ជាពិសេសព្រំដែនវៀតណាម។

អតីតមេគុកទួលស្លែង ឌុច នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា គ្រាដែលកំពុងធ្វើសវនា ការកាត់ក្តីពីករណីប្រព្រឹត្តឧក្រិដ្ឋកម្ម ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ បានថ្លែងថា «នៅថ្ងៃ ១៧ មេសា១៩៧៥នោះ បក្សកុម្មុយនីស្តកម្ពុជាដឹកនាំបដិវត្តសង្គមនិយម និងការកសាងសង្គមនិយមតទៅទៀត ដោយផ្តាច់មុខដាច់ខាត និងគ្រប់ផ្នែក»។

ឌុច បានថ្លែងថា ចាប់តាំងពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ នោះមក មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យបានចាប់ អនុវត្តផែនការ ដែលបានធ្វើឲ្យមនុស្សស្លាប់ពិតប្រាកដនោះមែន។

ឌុច បានបន្ទោសទៅលើការដឹកនាំរបស់ ប៉ុល ពត អគ្គលេខាបក្សដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យថា «ក្រោយ ១៧ មេសា ១៩៧៥ ប៉ុល ពត កើតចិត្តភ្លើតភ្លើនខ្លាំងណាស់ បានលើកមាគ៌ា ដែលប៉ះពាល់ដល់អាយុជីវិតមនុស្ស។ នេះមកពីប៉ុលពតគាត់មានសព្វមានគ្រប់»។

មានប្រជាពលរដ្ឋខ្មែរ ដែលបានឆ្លងកាត់ក្នុងព្រឹត្តិការណ៍នេះជាច្រើននាក់ នៅតែដិតដាមដោយអារម្មណ៍តក់ស្លុត និងសោកសង្រេង នៅពេលនឹកឃើញដល់ព្រឹត្តិការ ១៧ មេសា កាលពី៣៩ឆ្នាំមុន ដោយពួកគាត់ម្នាក់ៗ ត្រូវធ្វើ ដំណើរចាកចេញពីលំនៅដ្ឋានទាំងបង្ខំមិនអាចយកអ្វីជាប់ខ្លួន ក្រៅតែពីសម្លៀកបំពាក់ និងរបស់របរបន្តិចបន្តួចតែ ប៉ុណ្ណោះ។ តែក៏មានប្រជាពលរដ្ឋខ្លះទៀត ក៏ប្រហែលជាភ្លេចបាត់ទៅហើយ នូវប្រវត្តិដ៏ឈឺចាប់ទាំងអស់នេះបន្ទាប់ពីពួកគាត់សោយសុខក្នុងសុខសន្តិភាព និងភាពសប្បាយនាពេលបច្ចុប្បន្ន។

១៧ មេសា ១៩៧៥ បាននាំឲ្យប្រទេសកម្ពុជាទាំងមូលធ្លាក់ចូលទៅក្នុងភពខ្មៅងងឹត ក្លាយជាវាលពិឃាតប្រជា ពលរដ្ឋខ្មែរស្លូតត្រង់រហូតដល់ទៅជិត ៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃប៉ុណ្ណោះ។ របបអាវខ្មៅមួយ នេះ ទោះបីជាមានភស្តុតាងជាច្រើនបានបញ្ជាក់ជាសក្ខីកម្មយ៉ាងណាក្តី តែមេដឹកនាំខ្មែរក្រហម មិនបានទទួល ស្គាល់ថា ខ្លួនប្រព្រឹត្តខុសនោះឡើយ ពួកគេនៅតែអះអាងការធ្វើរបស់ពួកគេ គឺដើម្បីជាតិមាតុភូមិ និងប្រជាពល រដ្ឋកម្ពុជា។ ទោះបីពួកគេស្លាប់ទៅហើយ ក៏ពួកគេមិនបានសារភាពថា ការកាប់សម្លាប់ពលរដ្ឋខ្មែរកើតចេញពីការ ដឹកនាំរបស់ពួកគេនោះដែរ ព្រោះពួកគេមិនចង់ទទួលរងនូវពាក្យបណ្តាសាពីជនរងគ្រោះក្រោមកណ្តាប់ដៃរបស់ ពួកគេនោះឡើយ។

១៧ មេសា កញ្ចក់បង្ហាញពីស្រេកឃ្លានអំណាច របស់អ្នកនយោបាយ ភ្លេចគិតដល់សុខទុក្ខរបស់ពលរដ្ឋ

១៧ មេសា ទោះបីជាថ្ងៃប្រវត្តិសាស្ត្រ ដ៏សែនវិប្បដិសារី និងឈឺចាប់យ៉ាងណាក្តី តែវាក៏បានក្លាយទៅជាកញ្ចក់ដ៏ មានអត្ថន័យ និងខ្លឹមសារសម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ន ជាពិសេសក្រុមអ្នកនយោបាយរបស់ខ្មែរតែម្តង។

មេដឹកនាំបក្សកុម្មុយនីស្តគ្រប់រូប សុទ្ធតែបាននិយាយអះអាងថា ទង្វើរបស់ពួកគេ គឺដើម្បីរំដោះប្រទេសចេញពី អាណានិគមរបស់អាម៉េរិក និងដើម្បីការពារប្រទេសពីការឈ្លានពានរបស់ប្រទេសវៀតណាមជាដើម។ តែអ្វីដែល ពួកគេអះអាងគ្រាន់តែជាការរកលេសសមរម្យមួយលាក់បាំងនូវទុច្ចរិតភាពរបស់ខ្លួន និងជាលេសសម្រាប់ខ្លួនវាយ ផ្តួលរំលំរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខ លន់ នល់ ឈានជើងទៅក្រោមក្តាប់អំណាច និងប្រទេសកម្ពុជា ទាំងមូលតែប៉ុណ្ណោះ។

ក្រុមអ្នកប្រវត្តិវិទូ និងនិស្សិតបញ្ញវ័ន្តខ្មែរជាច្រើន ដែលបានអាន និងសិក្សាទៅលើប្រវត្តិសាស្រ្តរបស់ខ្មែរ បានលើក ឡើងថា ក្រុមអ្នកនយោបាយខ្មែរនាអំឡុងពេលនោះ ទាំងខាងខ្មែរក្រហម និងរបបសាធារណរដ្ឋរបស់លោក លន់ នល់ សុទ្ធតែស្រឡាញ់អំណាច និងអាងបង្អែកបរទេសរៀងៗខ្លួន យកប្រទេសកម្ពុជា ដ៏តូចមួយជាសរភូមិដណ្តើម អំណាចគ្នា។

ក្រុមប្រវត្តិសាស្ត្រទាំងនោះ បានលើកឡើងថា ភាពអាណោចអាធ័មនឹងមិនកើតលើប្រជាពលរដ្ឋខ្មែរ និងប្រទេស កម្ពុជាឡើយ បើសិនជាអ្នកនយោបាយខ្មែរនាពេលនោះ ពិតជាមានសុឆន្ទៈស្រឡាញ់ និងស្នេហាជាតិ ចេះជជែក និងចរចាគ្នា ដោយសន្តិវិធី ដើម្បីរកឧត្តមប្រយោជន៍ជូនជាតិ ដោយមិនស្វែងរកប្រយោជន៍ និងអំណាចផ្ទាល់ខ្លួន និងបក្ខពួកទេនោះ។

យោងតាមសៀវភៅប្រវត្តិសាស្ត្រ បានគូសបញ្ជាក់ថា មុនការវាយផ្តួលរំលំរបបសាធារណរដ្ឋមេដឹកនាំសាធារណ រដ្ឋកម្ពុជា ដែលអស់ជំនួយពីសម្ព័ន្ធមិត្តអាម៉េរិកនោះ បានព្យាយាមសូមចរចាជាមួយមេដឹកនាំបក្សកុម្មុយនីស្តខ្មែរ ជាច្រើនដង តែត្រូវបានបដិសេធទៅវិញ ព្រោះក្រុមបដិវត្តន៍ខ្មែរកុម្មុនីស្ត បានដឹងច្បាស់ថា របបសាធារណរដ្ឋ អស់ជំនួយពីអាម៉េរិកហើយ មិនមានអ្វីតទល់ជាមួយពួកគេនោះទេ។ នេះជាចរឹតចចេសរឹងរូសមួយរបស់មេដឹក នាំបក្សកុម្មុយនីស្តខ្មែរ។

តឹកតាងបង្ហាញថា ក្រុមបក្សកុម្មុយនីស្តស្រឡាញ់អំណាចជាងស្រឡាញ់ជាតិសាសន៍ និងប្រជាពលរដ្ឋរបស់ខ្លួន ដែរនោះ គឺការជម្លៀសប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ ទាំងបង្ខំ ទោះពួកគេដឹងថា ការជម្លៀសប្រជាជនទៅទី ជនបទមិនមែនជាជម្រើសល្អក្តី ពួកគេបានសម្លាប់មេដឹកនាំបក្ខកុម្មុយនីស្តគ្នាឯង ដែលជំទាស់ផែនការនេះថែម ទៀតផង។ ការជម្លៀសប្រជាពលរដ្ឋចេញពីភ្នំពេញ របស់បក្សកុម្មុយនីស្ត គឺជាចេតនាចង់បោសសំអាតឲ្យអស់នូវ កាកសំណល់របបសាធារណរដ្ឋខ្មែររបស់លោក លន់ លន់ ព្រោះបក្សកុម្មុយនីស្តខ្លាចកាកសំណល់ទាំងនេះ វាយ ដណ្តើមយកអំណាចរបស់ខ្លួន។

កង់ប្រវត្តិសាស្រ្តរបស់ខ្មែរជាច្រើនសម័យកាលសុទ្ធតែបានបង្ហាញឲ្យឃើញពីចរិតស្រេកឃ្លៀនអំណាចខ្វះដំណោះ ស្រាយរវាងជាតិសាសន៍ខ្លួនឯង ធ្វើឲ្យទឹកដីកម្ពុជាបាត់បង់ជាបន្តបន្ទាប់ ប្រែក្លាយទៅជារួមតូច និងត្រូវរងនូវភាព ខ្ទេចខ្ទាំជាច្រើនសម័យកាល។

ដូច្នេះកញ្ចក់ប្រវត្តិសាស្រ្តទាំងអស់នេះ វាគ្រប់គ្រាន់ឲ្យអ្នកនយោបាយខ្មែរនាពេលបច្ចុប្បន្នសិក្សាស្វែងយល់ក្នុងការ រិះរកនូវយុទ្ធវិធីបញ្ចប់នូវវិបត្តិទាំងឡាយ ជាពិសេសការជាប់គាំងនយោបាយនាពេលបច្ចុប្បន្ន។ អ្នកនយោបាយគួរ លះបង់នូវចរិតមានៈរឹងរូស សម្រេចមហិច្ឆតានយោបាយធ្វើនូវរឿងនាំឲ្យជាតិសាសន៍ខ្មែរតែមួយបន្តបែកបាក់ បន្ត កាប់ចាក់ ឈ្លោះប្រកែកខ្វែងគំនិត ឈានដល់ការបាត់បង់ និងវិនាសអន្តរាយតទៅទៀតនោះឡើយ។

សង្ឃឹមថា ព្រឹត្តិការណ៍ ១៧ មេសា កាលពី៣៩ឆ្នាំមុន នឹងមិនកើតមានតទៅទៀតឡើយ ក្នុងសង្គមកម្ពុជា ពលរដ្ឋ កម្ពុជាទាំងមូលចេះស្រឡាញ់អធ្យាស្រ័យគ្នាទៅវិញទៅមកប្រកបដោយភាពសុខដុម សូមឲ្យ ១៧ មេសា ចាប់ពី សតវត្សរ៍ទី២១ នេះតទៅរាស្ត្រខ្មែរស្គាល់តែសេចក្តីសុខសន្តិភាព ភាពសប្បាយរីករាយ ក្រោមដឹកនាំប្រកបដោយ ការស្រុះស្រួល និងការគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់អ្នកនយោបាយខ្មែរនាពេលបច្ចុប្បន្ន៕

photo_2016-04-17_14-06-57 photo_2016-04-17_14-07-08photo_2016-04-17_14-06-59 photo_2016-04-17_14-07-13

មតិយោបល់