ភ្នំពេញៈ រហូតមកទល់នឹងព្រឹកថ្ងៃទី១៥ ខែកក្កដានេះ នៅតែមានការអះអាងពីសាច់ញាតិរបស់លោកបណ្ឌិត កែម ឡី ថា មិនមានមឈូសទឹកកកសម្រាប់តម្កល់សពរបស់លោក កែម ឡី ឡើយ។ ការបញ្ជាក់ជាថ្មីនេះ គឺបន្ទាប់ពីមានការលើកឡើងថា សពរបស់លោកបណ្ឌិតរូបនេះ នឹងត្រូវដាក់តម្កល់ក្នុងមឈូសទឹកកក ដែលនាំចូលពីបរទេស។
ថ្លែងផ្ដល់បទសម្ភាសន៍ជាមួយ Post News នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ប្អូនប្រុសលោក កែម ឡី គឺលោក កែម រិទ្ធីសិទ្ធិ បានអះអាងថា មិនមានមឈូសទឹកកកណាសម្រាប់តម្កល់សពបងប្រុសលោកនោះទេ ប៉ុន្តែមានដូចជាកៅអីសម្រាប់ដាក់ក្នុងមឈូស ដែលមានប្រើភ្លើង(ចរន្តអគ្គិសនី)សម្រាប់ធ្វើឲ្យត្រជាក់ដល់សព ដោយលោក រិទ្ធីសិទ្ធិ ហៅថា កៅអីផ្ដេក។ លោកបញ្ជាក់ថា “មិនមានមឈូសទឹកកកទេ វាមានរាងដូចកៅអីផ្ដេក តែមិនមានគម្របបិទទេ”។ ជាមួយគ្នានេះ លោកបន្ថែមថា សពលោក កែម ឡី នឹងត្រូវដាក់តម្កល់លើកៅអីនោះ ហើយលើកទាំងកៅអី និងសាកសពបងប្រុសរបស់លោកដាក់ក្នុងមឈូសតែម្ដង។
យ៉ាងណាក៏ដោយ ជុំវិញពិធីបុណ្យសពអ្នកវិភាគរូបនេះ ត្រូវបានមហាជនលើកឡើងខុសៗគ្នា ដោយខ្លះចង់ឲ្យតម្កល់សពទុកសម្រាប់គោរព ខណៈក្រុមគ្រួសារសពមានបំណងដង្ហែទៅស្រុកកំណើតរបស់លោកដើម្បីបញ្ចុះតាមប្រពៃណី។
បើតាមលោក កែម រិទ្ធីសិទ្ធិ សពលោក កែម ឡី នឹងត្រូវដង្ហែទៅកាន់ខេត្តតាកែវ នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០១៦ ដោយក្បួននឹងចេញដំណើរចេញពីវត្តចាស់ នៅវេលាម៉ោង៧ព្រឹក តាមក្បួនរថយន្ត និងថ្មើរជើងតាមមហាវិថីព្រះមុនីវង្ស មាហវិថីសហព័ន្ធរុស្ស៊ី ដល់រង្វង់មូលចោមចៅ ទើបបន្ថែមល្បឿនយានយន្តបន្តដំណើរឆ្ពោះទៅកាន់ខេត្តតាកែវ តាមផ្លូវជាតិលេខ៣។ លុះដល់អង្គតាសោម ក្បួនហែនឹងបន្ថយល្បឿនដោយដំណើរយឺតៗ និងថ្មើរជើងវិញ រហូតដល់គោលដៅចំណុចភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
បើគិតចាប់ពីថ្ងៃឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគផ្នែកនយោបាយ និងការអភិវឌ្ឍន៍សង្គមនៅកម្ពុជា មកដល់ថ្ងៃទី១៧ ខែកក្កដា គឺមានរយៈពេលមួយសប្ដាហ៍ពេញ ដែលសពអ្នកវិភាគដ៏ល្បីឈ្មោះរូបនេះ ត្រូវបានតម្កល់ទុកនៅវត្តពោធិយ៉ារាម ហៅវត្តចាស់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ក្នុងកំឡុងពេលតម្កល់ទុកនេះ គេសង្កេតឃើញទីតាំងតម្កល់សពលោក កែម ឡី ត្រូវបានរៀបចំជាមួយនឹងការតាក់តែងលម្អផ្កាផ្ញីនានាជាច្រើន ហើយក្នុងនោះ គេឃើញមានទាំងវត្តមានរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីគណបក្សប្រឆាំង មន្ត្រីទូត អង្គការសង្គមស៊ីវិល ក្រុមតារាសិល្បៈ សហជីពកម្មករ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានទៅគោរពវិញ្ញាណក្ខន្ធសព និងសម្ដែងការរំលែកទុក្ខជាមួយគ្រួសារសពផងដែរ៕
មតិយោបល់