ព័ត៌មានសិល្បៈ និងកម្សាន្ត

ពែក មី បើកឆាករឿង “ហេឡូ! លោកគ្រូកំលោះ” ឲ្យផលិតកម្មមហាហង្ស

ក្នុងពិធីក្រុងពាលីថតរឿង “ហេឡូ! លោកគ្រូកំលោះ” កាលពីព្រឹកថ្ងៃទី១៥ កក្កដា មុននេះ ផលិតកម្មមហាហង្សបានប្រកាស ដោយបើកចំហថា ខ្លួននឹងចាយប្រាក់យ៉ាងហោច៥ម៉ឺនដុល្លារ ផលិតរឿងនេះ ដោយសូម្បីតែកាមេរ៉ាក៏ប្រើប្រភេទ4K ជាលើកដំបូងធៀប នឹងការថតរឿងមុនៗនោះដែរ។ នៅក្នុងរឿងនេះ ក្រុមកំប្លែងជាច្រើននាក់របស់លោក ពែកមី បូករួមទាំងតារាកំប្លែងលោក ពែក មីខ្លួនឯង ក៏បានទទួលសម្ដែងផងដែរ ទើបធ្វើឲ្យខ្សែរឿងនេះទទួលបានការចាប់អារម្មណ៍។

លោក ចែម ចាន់ដារ៉ា ហៅពែកមី បានអះអាងថា នេះជាលើកទី១ដែលលោកត្រលប់មកទទួលសម្ដែង បន្ទាប់ពីប្រកាន់ជំហផលិតរឿងខ្លួនឯង ហើយផ្អាកការសម្ដែងអស់មួយរយ:។ នេះក៏ជាលើកទី១ ដែលលោកទទួលសម្ដែងឲ្យផលិតកម្មមហាហង្ស ចាប់ពីលោកបានប្រឡូកអាជីពជាអ្នកសម្ដែងកុនក្រោយពេលល្បីឈ្មោះផងដែរ។ លោកថាហេតុផល ដែលលោកទទួលសម្ដែងរឿងនេះ គឺដោយសារតែលោកសម្លឹងឃើញថា ផលិតករចំណាយទុនខ្ពស់ឲ្យលោកក្នុងការចេញថត និងដោយសារតែរឿងទាំងមូលក៏បានផ្ដល់តម្លៃឲ្យក្រុមរបស់លោកជាច្រើនបានសម្ដែងរួមគ្នា។

លោក អ៉ិន ចាងហ្វាងផលិតកម្មមហាហង្សបានអះអាងថា ដោយសារតែកត់សម្គាល់ឃើញថា វិស័យភាពយន្តមិនអាចចេះតែផលិតឲ្យតែបានៗដូចមុនទេ ទើបលោកសម្រេចចិត្តកុម្ម៉ង់ប្រភេទកាមេរ៉ាដែលមានតម្លៃខ្ពស់ និងចំណាយទុនច្រើនម៉ឺនដុល្លារសម្រាប់ផលិតរឿង “ហេឡូ! លោកគ្រូកំលោះ” ធ្វើការប្រកួតប្រជែង។

លោកថា ជាលើកទី១ ដែលខ្សែរឿងនេះទទួលបានតារាសម្ដែងសុទ្ធតែខ្លាំង ដូចជាអ្នកនាង សុខ សោម៉ាវត្តី លោក ជា សុវណ្ណនរាហ៍ នាយពែកមី នាយគ្រឿន អ្នកនាងខ្ញុង អ្នកនាងប៉េងប៉ោង កញ្ញា នីឡា លោកលឹម រដ្ឋា លោក អូន ឧស្សាហ៍ អ្នកនាង សឿន ផាភួង និងលោក គឹម សុបិន្ត ជាដើម ដែលសុទ្ធតែមានទីផ្សារក្នុងការសម្ដែងកំប្លុកកំប្លែងឲ្យមកសម្ដែងរួមគ្នា។

យ៉ាងណាក៏ដោយក្នុងថ្ងៃក្រុងពាលីដែលបានធ្វើឡើងនោះ គេមិនឃើញវត្តមានតារាល្បៗទាំងអស់ បង្ហាញខ្លួនជុំគ្នានោះទេ ដោយសារតែតារាភាគច្រើនជាប់សកម្មភាពថតរៀងខ្លួន។ លោកថាខ្សែរឿង “ហេឡូ! លោកគ្រូកំលោះ” នឹងក្លាយជារឿងកំប្លុកកំប្លែងទី១ របស់ផលិតកម្មមហាហង្ស ដែលទទួលបានតារាសម្ដែងសុទ្ធតែជាតួអង្គសំខាន់ក្នុងក្រុម ពែកមី ដែលកាលពីមុន គឺលោកព្យាយាមទាក់ទងដូចគ្នា ប៉ុន្តែច្រើនតែមិនត្រូវពេលគ្នា។

ជាក់ស្ដែងលោកបានសម្ដែងការរំពឹងច្រើនបន្ទាប់ពីលោក ពែកមី ដែលពេលកន្លងមកកម្រទទួលថតរឿងចាប់តាំងពីបានផលិតរឿងដោយខ្លួនឯង បានទទួលថតឲ្យផលិតកម្មរបស់លោកនៅក្នុងរឿងនេះ។

លោកថា មួយថ្ងៃបន្ទាប់ពីការក្រុងពាលី ខ្សែរឿង “ហេឡូ! លោកគ្រូកំលោះ” នឹងត្រូវចេញថត ដោយតាមគម្រោងនឹងដាក់បញ្ចាំងនៅអំឡុងចុងឆ្នាំ២០១៦ខាងមុខនៅតាមរោងកុនទំនើបៗ៕

មតិយោបល់