ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បេក្ខជនចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ ជាង៩ម៉ឺននាក់

ភ្នំពេញៈ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា បាក់ឌុប នៅឆ្នាំ២០១៦នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដោយមានបេក្ខជនចូលរួមប្រលងចំនួន ៩៣.៧៥២នាក់ និងមាន ១៥៧ មណ្ឌល ចែកចេញជា៣៧៨១បន្ទប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ។

សេចក្តីប្រកាសព័ត៌មានបានបន្ដថា កាលពីឆ្នាំមុនក្រសួងអប់រំយុវជន និងកីឡាបានរៀបចំប្រលងបាក់ឌុបនៅថ្ងៃទី២៤សីហាឆ្នាំ២០១៥ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន៨៤៩៣០នាក់ ស្រី ៤០៩៧២នាក់ នៅតាមមណ្ឌល ប្រឡងចំនួន១៥០មណ្ឌលក្នុងនោះថ្នាក់ វិទ្យាសាស្ត្រមាន ១២៦មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៤មណ្ឌល ត្រូវជា ៣៤២៧បន្ទប់ទូទាំងប្រទេស។ ប៉ុន្តែបេក្ខជនចូលរួមប្រលងបាក់ឌុបមានតែចំនួន៨៣៣២៥នាក់ក្នុងនោះបេក្ខជនប្រលងជាប់មានចំនួន៤៦៥៦០នាក់ត្រូវជា៥៥,៨៨ភាគរយក្នុងនោះមានបេក្ខជនជាប់និទ្ទេសAមានចំនួន១០៨នាក់និទ្ទេសB មាន១០៨៥ និទ្ទេសC៣២៩២ និទ្ទេសD ៦០៩៣ និងនិទ្ទេស E៣៥៩៨២។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប ឆ្នាំ២០១៦នេះ ក្រសួងបានបង្ហាញជំហរបន្តរឹតបន្តឹងដូចឆ្នាំមុនដដែល ដោយឈរលើគោលការណ៍ ៤ចំណុច។ គោលការណ៍៤ចំណុចដែលក្រសួងបន្តរក្សាដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា សម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុបគឺការប្រឡងត្រូវតែឈរលើការគោរពច្បាប់ តម្លាភាព យុត្តិធម៌ និងសុចរិតភាព។

សេចក្តីប្រកាសរបស់ក្រសួងអប់រំ ដដែលបានបន្ដទៀតថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៦នេះ នឹងត្រូវប្រកាសលទ្ធផលនៅតាមមណ្ឌលប្រឡងនីមួយៗ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និង ខេត្តកណ្ដាល និងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៦ សម្រាប់ប្រឡងនៅខេត្តផ្សេងៗទៀត៕

មតិយោបល់