ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផៃ ស៊ីផាន៖ កម្ពុជា នឹងចេញលិខិតថ្កោលទោសអំពើភេវរកម្មនៅបារាំង

ភ្នំពេញៈ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានប្រាប់ Post News នៅរសៀលថ្ងៃទី១៥ ខែកក្កដាថា កម្ពុជា នឹងចេញលិខិតមួយដើម្បីចូលរួមមរណៈទុក្ខចំពោះការបាត់បង់អាយុជីវិតប្រជាជនបារាំង បន្ទាប់ពីមានអំពើភេវវកម្មកើតឡើងកាលពីយប់មិញ។

បើតាមលោក ផៃ ស៊ីផាន “អាចល្ងាចនេះ យើងនឹងចេញលិខិតមួយដើម្បីចូលរួមមរណៈទុក្ខចំពោះការបាត់បងជីវិតប្រជាជនបារាំង និងថ្កោលទោសជុំវិញអំពើភេវរកម្ម”

ជុំវិញអំពើភេវរកម្ម ដែលបានកើតឡើងកាលពីយប់មិញ នៅទីក្រុង Nice ស្ថានទូតបារាំង ប្រចាំកម្ពុជា បានជូនដំណឹងដល់ប្រជាជនបារាំង និងមិត្តនៃប្រទេសបារាំង នៅកម្ពុជា អញ្ជើញទៅវិទ្យាស្ថានបារាំង នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែកក្កដា ដើម្បីធ្វើពិធីស្មឹងស្មាធិ៍រំឭកគោរពវិញ្ញាណក្ខន្តដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍នោះ។ «បន្ទាប់ពីមានព្រឹត្តិការណ៍នៅទីក្រុង Nice ដែលធ្វើឲ្យប្រទេសបារាំង ស្ថិតក្នុងមរណទុក្ខសាជាថ្មី សូមជនជាតិបារាំង និងមិត្តនៃប្រទេសបារាំង ទាំងអស់អញ្ជើញទៅវិទ្យាស្ថានបារាំង នៅកម្ពុជា វេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែកក្កដានេះ ដើម្បីស្មិងស្មាធិ៍រម្លឹកដល់ជនរងគ្រោះ»។ ស្ថានទូតបញ្ជាក់។

បន្ទាប់ពីអំពើភេវរកម្មវាយប្រហារ នៅទីក្រុង Nice ប្រទេសបារាំង កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ គិតមកត្រឹមម៉ោងជិត៣រសៀល ថ្ងៃទី១៦ ខែកក្កដានេះ ចំនួនអ្នកស្លាប់បានកើនឡើងរហូតដល់៨៤នាក់ ខណៈអ្នករងរបួសប្រមាណជា១០០នាក់ ដែលមកទល់ពេលនេះ មន្ទីរពេទ្យនៅទីក្រុង នីស ក៏បានអំពាវឲ្យមហាជនជួយបរិច្ចាឈាមផងដែរ។

ក្នុងអំពើភេវរកម្មខាងលើ ភេវរករដែលបើករថយន្តធុនធំបំបុកចូលទីប្រជុំជនបណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសរាប់រយនាក់នោះ ត្រូវបានប៉ូលិសបាញ់សម្លាប់ និងកំណត់អត្តសញ្ញាហើយ ជាជនជាតិទុយនេស៊ី វ័យ៣១ឆ្នាំ។ អ្នកបើកបររថយន្តនេះ ត្រូវបានគេនិយាយថា បានស្រែកថា « Allahu Akbar» ដែលមានន័យថា «ព្រះជាទីគោរពដ៏ខ្ពងខ្ពស់» មុនពេលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងមួយជាមួយនឹងប៉ូលិស។ បុរសទីពីរ ត្រូវបានគេជឿថា ជាអ្នកបង្ករឿងនេះដែរ។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ប្រធានាធិបតីបារាំង លោក ហូឡង់ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣ខែ ក្រោយវាយប្រហារភេរវកម្ម នៅទីក្រុង នីស ដែលកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំរបស់ប្រទេសបារាំង៕

មតិយោបល់