ភ្នំពេញៈ ផ្ទះកាត់ដេរនិងស្តុកក្រណាត់មួយកន្លែង ត្រូវបានអគ្គិភ័យ ឆាបឆេះ តែសំណាងល្អត្រូវបានប្រជាពរដ្ឋ នាំគ្នាជួយពន្លត់ទាន់ ពុំបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរនោះទេ ដែលហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង២ រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅភូមិ កោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ ។
ផ្ទះដែលត្រូវភ្លើងឆេះនោះ ធ្វើពីឈើប្រក់ស័ង្កសីជាផ្ទះកាត់ដេរ និងស្តុកក្រណាត់ ដែលមានម្ចាស់ឈ្មោះ ជិន សុវណ្ណារ៉ា ភេទប្រុសអាយុ៣៩ឆ្នាំ ជាជាងកាត់ដេរ ។
តាមសាក្សី បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រាប់តែឮស្នូរផ្ទុះនៅជាន់ទី១ បង្កឲ្យទៅជាអណ្តាតភ្លើងឆេះ ភ្លាមៗ ប្រជាពលរដ្ឋក្បែរ រួមនិងម្ចាស់ផ្ទះ បាននាំគ្នា ដងទឹក ជួយពន្លត់ ដោយសារតែមានការសាមគ្គីនិងជួយគ្នា ពន្លត់ទាន់ពេល ពុំបណ្តាលឲ្យខូចខាតធ្ងន់ធ្ងរនោះទេ ។ នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យ មួយគ្រឿងបានទៅអន្តរាគមន៍ បាញ់ពន្លត់ផងដែរចៀសវាង ភ្លើងបង្កការឆាបឆេះតទៅទៀត ។
តាមម្ចាស់ បានឲ្យដឹងថា ការកើតមានអគ្គិភ័យ នេះបណ្តាលមកពីផ្ទុះកំប៉ុងថ្នាំពណ៌ ដែលកូនចៅរបស់គាត់ទិញមកបាញ់ម៉ូតូ ហើយទុកនៅជាន់លើក្បែរដំបូល អាចបណ្តាលឲ្យក្តៅផ្ទុះក្លាយជាអគ្គិភ័យតែម្តង៕
មតិយោបល់