ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូនប្រុសនាយករដ្ឋមន្ត្រី ថ្កោលទោសឃាតកបាញ់សម្លាប់លោក កែម ឡី

ភ្នំពេញៈ កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថ្កោលទោសចំពោះឃាតក ដែលបានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនោបាយនៅកម្ពុជា។ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋជឿទុកចិត្ត និងទុកលទ្ធភាពឲ្យសមត្ថកិច្ចធ្វើការងារជំនាញ ដើម្បីវែកមុខឃាតក និងអ្នកដែលពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។

លោក ហ៊ុន ម៉ាណែត បានថ្លែងចូលរួមសោកស្តាយចំពោះមរណភាពរបស់លោកបណ្ឌិត កែម ឡី និងចូលរួមមរណទុក្ខជាមួយគ្រួសារសព ព្រមទាំងបានថ្កោលទោសចំពោះអំពើឃាតកម្មនេះ ដែលគ្មានប្រយោជន៍អ្វីដល់ជាតិ និងគាំទ្រចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការវែកមុខឃាតកមកផ្តន្ទាទោស។

ការថ្លែងបែបនេះ ខណៈដែលលោកអញ្ជើញចូលរួមនៅក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានានៅវត្តថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

កូនប្រុសសម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា “សូមមនុស្សមួយចំនួន កុំយកមរណភាពលោកបណ្ឌិត កែម ឡី កេងចំណេញនយោបាយ វាយប្រហារដល់រដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងរឿងនេះ។ សូមឲ្យប្រជាពលរដ្ឋជឿទុកចិត្ត និងទុកលទ្ធភាពឲ្យសមត្ថកិច្ចធ្វើការងារជំនាញ ដើម្បីវែកមុខឃាតក និងអ្នកដែលពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់”

លោកបញ្ជាក់ថា មកដល់ម៉ោងនេះ ប្រទេសជាតិមានសន្តិសុខ ស្ថេរភាព សន្តិភាព គឺបានមកដោយលំបាកដែលជាការខិតខំរបស់រាជរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធទាំងអស់។ អំពើឃាតកម្មនេះ បានធ្វើឲ្យមានការយល់ច្រឡំពីសំណាក់មតិជាតិ និងអន្តរជាតិ ចំពោះសន្តិសុខសង្គម។ ដូច្នេះយើងពិតជាមិនចង់ឲ្យរឿងទាំងនេះ កើតឡើងនោះទេ ហើយយើងត្រូវថែរក្សានូវសន្តិសុខ ស្ថេរភាព សន្តិភាព និងសមិទ្ធផលទាំងឡាយទុកសម្រាប់កូនចៅជំនាន់ក្រោយៗ៕

មតិយោបល់