ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃុំខ្លួនមន្ត្រីគយ អ៊ឹង ជាវែង ពាក់ព័ន្ធរឿងពុករលួយ

ភ្នំពេញៈ លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងនៅវេលាម៉ោង៣៖០៦នាទី រសៀលថ្ងៃទី១៦ ខែកក្កដានេះ ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក អ៊ឹង ជាវែង បណ្ដោះអាសន្នហើយ ពាក់ព័ន្ធនឹងអំពើពុករលួយ។

លោក លី សុផាន់ណា បានសរសេរថា “លោក លាង សំណាត់ ជាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទ អ៊ឹង ជាវែង ក្រោយពីបញ្ចប់ការសួរចម្លើយ និងដំណើរការកិច្ចពិភាក្សាដេញដោលចំពោះមុខ

បើតាមអ្នកនាំពាក្យរូបនេះ ឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ឈ្មោះ អ៊ឹង ជាវែង ពីបទ វិតិក្រម តាមមាត្រា៥៩២ មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ”។

យោងតាមមាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ បានចែងថា បទវិតិក្រម ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។

គួរជម្រាបថា ជនសង្ស័យ អ៊ឹង ជាវែង មានតួនាទីជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU ចាប់ខ្លួនកាលពីម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ៕

មតិយោបល់