ព័ត៌មានជាតិ

ការងារយប់ចាយមិនគ្រប់ ឆ្លៀតរកថ្ងៃបន្ថែម ចុងក្រោយជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យវ័យជិត២០ឆ្នាំម្នាក់ ទោះជាខ្លួនមានរបរការងារធ្វើហើយក្តី ថ្វីជាអ្នករត់តុក្នុងក្លឹបពេលយប់ លុយចាយមិនគ្រប់ ពេលថ្ងៃចេញដើរប្រតិបត្តិការឆ្កឹកសោបន្ទប់ជួលបន្ថែមក្នុងបំណងចង់លួចទ្រព្យសម្បត្តិ របស់គេ ប៉ុន្តែចំប៉ះថ្ងៃស៊យ ឆ្កឹះបានហើយ តែត្រូវម្ចាស់មកទាន់ រួចបានស្រែកផ្អើលដល់អ្នកជិតខាងដេញចាប់បាន រួចបានដឹកបញ្ជូនឲ្យប៉ូលិសប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលជាន់ទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ជនរងគ្រោះដែលជាម្ចាស់បន្ទប់ មានឈ្មោះ សា សុភ័ក្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ១៤ ជាន់ទី២ កន្លែងកើតហេតុ ហើយមានស្រុកកំណើតភូមិ ព្រែកគ្រោះ ឃុំសូរគង ស្រុក កងមាស ខេត្តកំពង់ចាម ។ ចំណែកជនសង្ស័យឈ្មោះ ខាត់ សុភ័ក្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ រត់តុក្នុងក្លឹបខ្វាន់ ពេលយប់ ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត ភូមិកម្មករ ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត ។

តាមសម្តីជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា បន្ទប់ជួលខាងលើគាត់ស្នាក់នៅតែ២នាក់ប្តីប្រពន្ធទេ ហើយជនសង្ស័យក៏មិនដែលស្គាល់មុខដែរ ស្រាប់តែនៅវេលាម៉ោងខាងលើ ពេលចេញមកហូបបាយ ស្រាប់តែឃើញទ្វារបន្ទប់ចំហរ មេសោបាក់របូត ហើយជនសង្ស័យនៅក្នុងបន្ទប់ទៅវិញ ឃើញបែបនោះជនរងក៏បានស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យរត់ចុះ តែត្រូវបានប្រជាពលរដ្ឋនៅជុំវិញទីនោះ ជួយដេញនិងចាប់បាន រួចដឹកយកទៅប្រគល់ឲ្យសម្ថិតកិច្ចប៉ុស្តិ៍ចោមចៅតែម្តង។

តាមសម្តីជនសង្ស័យវិញ បានឆ្លើយ ហាក់បីដូចជាដោះសារ ថាខ្លួនចូលមក អាងតែបន្ទប់អ្នកស្គាល់ ទើបហ៊ានគាស់សោចូលបែបនេះ ។ តែទោះជាយ៉ាងណាក្តី ពុំមានអ្នកណាម្នាក់នៅផ្ទះជួលខាងលើ ស្គាល់ ជនសង្ស័យ រម្នាក់នេះទេ។
ក្រោយពីចាប់ឃាត់ខ្លួនបាន ជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួនសាកសួរនៅប៉ុស្តិ៍ ចោមចៅដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕

//youtu.be/J1Utxnhxmes

មតិយោបល់