ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត ព្រឹត្តិការណ៍ សំខាន់ៗ

ចន ច័ន្ទលក្ខិណា ប្រកាសទុកផ្លូវឲ្យអ្នកដៀលខ្លួនស្រីក្បត់

ភ្នំពេញៈ បើទោះជាបានប្រកាសប្ដឹងចំពោះម្ចាស់គណនីឈ្មោះ វឿន ចាន់វីរៈបុត្រ ដែលបានហៅអ្នកនាងថា ស្រីក្បត់ ដែលចង់សំដៅថា អ្នកនាងផិតក្បត់នោះ អ្នកនាងចន ច័ន្ទលក្ខិណា បានអះអាងថា ខ្លួនសម្រេចមិនដាក់ពាក្យបណ្ដឹងនោះទេ បន្ទាប់ពីបានឆាតសួរដោយផ្ទាល់ទៅកាន់ម្ចាស់គណនីម្នាក់នោះ ហើយគេមិនធ្វើការឆ្លើយតប។ អ្នកនាងថា ខ្លួនអត់ប្ដឹង គឺចង់ទុកផ្លូវឲ្យបុរសម្នាក់នោះ និងកុំឲ្យមានរឿងវែងឆ្ងាយ ប៉ុន្តែបើមានភាគបន្ត គឺបណ្ដឹងពិតជាត្រូវកើតឡើង។

អ្នកនាង ចន ច័ន្ទលក្ខិណា បានអះអាងថា ពាក្យមួយម៉ាត់របស់ម្ចាស់ហ្វេសប៊ុកនោះ បានធ្វើឲ្យអ្នកនាងចុកចាប់ និងទទួលរងនូវភាពអយុត្តិធម៌ជាថ្មីម្ដងទៀត ដោយសារតែអ្នក Comment នោះមកចោទប្រកាន់លើនាងដែលអ្នកនាងយល់ថា មិនអាចទទួលយកបាន។ អ្នកនាងបញ្ជាក់ថា ពាក្យសម្ដីមួយឃ្លានោះ គឺជាការត្មិះដៀល ដែលអ្នកនាងមានសិទ្ធិប្ដឹងបាន ប៉ុន្តែមកពីអ្នកនាងមិនចង់គ្រាន់តែប៉ុណ្ណឹង ក៏អូសមនុស្សម្នាក់ឲ្យចូលរង្វង់ក្រចកសេះ ក្នុងពេលដែលបុរសម្នាក់នោះ ក៏បានស្ងប់ស្ងាត់ និងមិនបានតបតមកកាន់ខ្លួនវិញផង ទើបសម្រេចចិត្តអត់ប្ដឹង។

យ៉ាងណាក៏ដោយ អ្នកនាងបញ្ជាក់ថា ប្រសិនបើម្ចាស់គណនីដដែល ធ្វើការបញ្ចេញសកម្មភាពណាមួយបន្ថែមពីលើការដៀលត្មិះលើសម្ដីមួយម៉ាត់នោះ នោះអ្នកនាងនឹងដាក់បណ្ដឹងដូចអ្វីដែលបានប្រកាស។ អ្នកនាងពោលថា ការតិះដៀលរបស់បុរសម្នាក់នោះ មិនមែនជាលើកទី១ ដែលខ្លួនបានឮនោះទេ ប៉ុន្តែបើអ្នកនាងចេះតែបណ្ដោយឲ្យមនុស្សបន្តមាក់ងាយដោយគ្មានការពិត នោះមហាជនដែលមានគំនិតអគតិផ្សេងទៀត នឹងបន្តយល់ឃើញដូចគ្នាក្នុងពេលអ្នកនាងមិនមានប្រតិកម្មណាមួយ។

អ្នកនាងនៅតែប្រើពាក្យស្លោក «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ» និងបានប្រកាសថា អ្នកនាងសុខចិត្តមិនប្ដឹង ដើម្បីទុកផ្លូវឲ្យម្ចាស់គណនីឈ្មោះ វឿន ចាន់វីរៈបុត្រ ធ្វើការភ្ញាក់រឭកតែប៉ុណ្ណោះ ប៉ុន្តែបើបុរសម្នាក់នោះបន្តសំណេរណាមួយធ្វើឲ្យអ្នកនាងអត់ទ្រាំលែងបាន នោះទឹកចិត្តសន្ដិភាពនឹងលែងទប់ជាប់ហើយ ដោយសារតែរឿងរ៉ាវនោះ គឺវាដដែលម្ដងហើយម្ដងទៀតខ្លាំងពេក៕

មតិយោបល់