ភ្នំពេញៈ នៅវេលាម៉ោង២រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ មានករណីរថយន្តតាកូម៉ាមួយគ្រឿងបានបើកធ្លាក់ពីលើទូកដរ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ របួសម្នាក់ នៅចំណុចច្រាំងទន្លេបាសាក់ កំពង់ចម្លងព្រែកតាប្រាក់-ចុងកោះ (ត្រើយខាងកើត) ក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះមាន២នាក់ ទី១.ឈ្មោះ សួខ ធុនវីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជាមនុស្សពិការដៃជើង និងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ (ស្លាប់ក្រោយពេលបានជួយស្រង់ពីទឹកបានប្រហែល៣០នាទី)។ ទី២.ឈ្មោះ សួន សីលា ភេទស្រី អាយុ២៧ឆ្នាំ ត្រូវជាបងស្រីបង្កើត។ អ្នកទាំងពីរមានទីលំនៅផ្ទះ៥៩ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នៅមុនពេលកើតហេតុខាងលើ ឈ្មោះ សួន សីលា បានបើកបររថយន្តម៉ាក Tacoma ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1M-6152 ដោយនៅក្នុងរថយន្តមានមនុស្សជិះ៦នាក់ លុះមកដល់ចំណុចកំពង់ចម្លង អ្នករួមដំណើរចំនួន០៤នាក់ បានចុះដើរ ចំណែកអ្នកបើកបរ និងជនរងគ្រោះដែលពិការ បាននៅក្នុងរថយន្ត លុះពេលរថយន្តចុះទូកដរ ដោយមានភ្លៀងរអិលផង អ្នកបើកបរទូកដរបានយកកំណល់ដាក់កាត់ខាងមុខ ដោយមានថ្ពក់ច្រវ៉ាក់ភ្ជាប់ទៅនិងក្តារទូកផង ប៉ុន្តែពេលអ្នកបើកបររថយន្តចុះទៅមិនបានប្រុងប្រយ័ត្ន គួបផ្សំនឹងភ្លៀងរអិលផង ក៏ជ្រុលបន្ថែមហ្គាររថយន្ត បណ្តាលឲ្យបុកកំណល់ និងដាច់ច្រវ៉ាក់ ដែលថ្ពក់កំណល់ ធ្លាក់កំណល់ និងរថយន្ត ទៅក្នុងទឹកតែម្តង ពេលនោះអ្នកបើកបរបានចេញរួចមកមុន ចំណែកជនរងគ្រោះជាជនពិការ ត្រូវបានអ្នកបើកបរទូកដរ និងបងប្អូនជួយសង្គ្រោះមកតាមក្រោយ ប៉ុន្តែដោយគាត់មានជំងឺធ្ងន់ធ្ងរប្រចាំកាយផង ក៏បានដាច់ខ្យល់ស្លាប់ ក្រោយពេលកើតហេតុ៣០នាទី។
រថយន្តត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយស្រង់ចេញពីទឹកបានហើយសពបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់