ព័ត៌មានជាតិ

អាល្លឺម៉ង់សន្យានៅតែបន្តជួយគាំទ្រលើវិស័យកសិកម្ម សង្គម និងអភិរក្ស

ភ្នំពេញៈ លោក Joachim Baron von Marschall ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជាបញ្ចប់អាណត្តិបានសន្យាបន្តជំរុញការគាំទ្រដល់វិស័យកសិកម្ម វិស័យសង្គម និង ជួយអភិរក្សធនធានវប្បធម៌ដ៏សម្បូបែបរបស់កម្ពុជា។

តាមលោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាន នៃព័ត៌មានប្រតិកម្មរហ័ស ទីស្តីការគណៈរដ្ឋមន្រ្តីបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ខណៈលោក Joachim Baron von Marschall ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជាបញ្ចប់អាណត្តិ ត្រូវបានលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីអនុញ្ញាតឲ្យចូលជួបនិងជម្រាបសួរនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី។ ជាមួយនោះ លោក Joachim Baron von Marschall បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយ៉ាងល្អរវាងប្រទេសទាំង២កម្ពុជា-អាល្លឺម៉ង់ ពិសេសបានផ្តល់នូវភាពកក់ក្តៅសម្រាប់រូបលោក និងមន្រ្តីការទូតទាំងអស់បានបំពេញបេសកកម្មការទូតរបស់ខ្លួន រយៈពេល៣ឆ្នាំទទួលបានជោគជ័យ និងភាពជឿទុកចិត្តគ្នា។

លោកការទូតបន្តថា “បើទោះជាលោកត្រូវចាកចេញពីកម្ពុជាក៏ពិតមែន តែទំនាក់ទំនងដ៏ល្អនេះនៅតែបន្តតាមរយៈមន្រ្តីការទូតថ្មី ដែលនឹងមកបន្តវេន ព្រមទាំងសន្យាជំរុញទំនាក់ទំនងនេះឲ្យកាន់តែប្រសើរថែមទៀត ពិសេសជំរុញការផ្លាស់ប្តូរវិស័យពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ជួយអភិរក្ស និងវិស័យជាច្រើនទៀត ដែលប្រទេសទាំងពីរធ្លាប់បានធ្វើជាមួយគ្នា ក្នុងពេលកន្លងមក”

ជាការឆ្លើយតប លោកបណ្ឌិតសភាចារ្យ សុខ អាន ចង់ឲ្យមានទំនាក់ទំនងកាន់តែខ្លាំងថែមទៀត ដើម្បីផលប្រយោជន៍ប្រទេសនិងប្រជាជនទាំង២ ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ ក្នុងនោះលោកបណ្ឌិតក៏បានលើកឡើងពីគម្រោង “ខ្សែក្រវ៉ាត់ពណ៌បៃតង” ដែលភាគីទាំង២ទទួលបានជោកជ័យ ជួយដល់កសិករបង្កើនកសិផលបំពេញតម្រូវការនៅក្នុងខេត្តសៀមរាប ដែលគម្រោងនេះទទួលបានពេញចិត្តរវាងភាគីនឌប្រទេសទាំង២។

លោកឧបនាយករដ្ឋបានស្នើឲ្យភាគីអាល្លឺម៉ង បន្តជួយគាំទ្រលើវិស័យកសិកម្មនៅកម្ពុជាពិសេសនៅស្រុកមេមត់ខេត្តត្បូងឃ្មុំ ដែលជាតំបន់មានសកក្កដានុពលផ្នែកកសិកម្ម និងបន្តជួយគាំទ្រដល់វិស័យបរិស្ថាន ធនធានធម្មជាតិ និងវប្បធម៌នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងពេលកន្លងទៅរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈអង្គការ ហ្ស៊ីទីហ្ស៊ិត របស់ខ្លួនប្រចាំប្រទេសកម្ពុជា បានផ្តល់នូវកិច្ចសហប្រតិបត្តិការលើកវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសង្គមជាច្រើនទៀត ដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចំរើនដូចពេលនេះ។ អាល្លឺម៉ងបានចាប់អារម្មណ៍ និងពេញចិត្តចំពោះការយកចិត្តទុកដាក់របស់កម្ពុជា លើកការថែទាំ និងអភិរក្សប្រាង្គប្រសាទនានារបស់ខ្លួនមានសក្កដានុពលខ្ពស់ផ្នែកទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ព្រមទាំងបានរួមចំណែកក្នុងការទាក់ទាញទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាកម្ពុជា ដែលមានកំណើនគួរឲ្យកត់សម្គាល់នេះ៕

មតិយោបល់