វៀតណាម: ជំងឺបេះដូងសម្លាប់មនុស្សប្រមាណ ២០០.០០០នាក់ នៅក្នុងប្រទេសវៀតណាម ជារៀងរាល់ឆ្នាំជាមធ្យមស្មើនឹងមួយភាគបួននៃការស្លាប់បណ្តាលមកពីជំងឺនៅក្នុងប្រទេសនោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦នេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម VNA នៅថ្ងៃពុធនេះបានរាយការណ៍ថា តួលេខនេះត្រូវបានចេញផ្សាយនៅក្នុងសន្និសីទបានប្រារព្ធធ្វើឡើងដោយវិទ្យាស្ថានជាតិបេះដូងរបស់វៀតណាម (NHI) និងវិទ្យាស្ថានជាតិអាហារូបត្ថម្ភ (NIN) នៅក្នុងរដ្ឋធានីហាណូយ។ ថ្លែងនៅក្នុងសន្និសីទនេះ លោក Do Doan Loi ជាប្រធាន NHI បានឱ្យដឹងថា មនុស្សវ័យក្មេងកាន់តែច្រើនបានធ្លាក់ចុះដោយជំងឺបេះដូងនៅក្នុងប្រទេសវៀតណាម ដោយសាររបៀបរស់នៅ ដូចជា ពួកគេមានខ្ជិលពេកក្នុងសកម្មភាពរាងកាយ, ការផឹកគ្រឿងស្រវឹងច្រើនពេកនិងជក់បារី។
លើសពីនេះទៀត ចំនួន ៤៧,៣ភាគរយនៃអ្នកដែលមានអាយុលើសពី ២៥ឆ្នាំមានសម្ពាធឈាមខ្ពស់។ ក្រៅពីនេះ សម្ពាធនិងភាពតានតឹងញឹកញាប់ក្នុងជីវិតផងដែរ ដែលនាំឱ្យមានហានិភ័យនៃការកើតមានជំងឺបេះដូង។
សូមបញ្ជាក់ថា យោងតាមការស្រាវជ្រាវដោយ NIN មនុស្សជាង ៤៤,៣ ភាគរយនៃអ្នកដែលរស់នៅក្នុងតំបន់ទីក្រុង ដែលមានហានិភ័យនៃកូឡេស្តេរ៉ុលខ្ពស់ក្នុងឈាម ដោយសារតែរបបអាហារមិនសមហេតុផល។ កត្តានេះ នឹងនាំឱ្យមានការបង្កើនហានិភ័យជំងឺបេះដូង រួមទាំងការលើសទម្ងន់, ធាត់និងសម្ពាធឈាមខ្ពស់៕
មតិយោបល់