ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង ស្តីពីកម្មវិធីសវនាការរបស់សាលាដំបូងរាជធានីភ្នំពេញ ដែល Post News ទទួលបានមុននេះបន្តិច បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះទោសជនជាប់ចោទឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រធានគណបក្សសង្គ្រោះជាតិ ពីបទ បរិហាកេរ្តិ៍ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភាជាតិ។
សេចក្តីជូនដំណឹង ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ បានបញ្ជាក់ថា សវនាការនៃសំណុំរឿងនេះ គឺត្រូវដឹកនាំដោយលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ លោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ និងលោក វ៉េង ជូហ៊ូត ជាក្រឡាបញ្ជីសវនាការ។ នៅក្នុងសវនាការនេះផងដែរ គឺមានលោក គី តិច ជាមេធាវីការពារសិទ្ធិឲ្យសម្តេចមហាពញាចក្រី ហេង សំរិន។
គួររំឭកផងដែរថា ដើមចមនៃបណ្តឹងប្រឆាំងលោក សម រង្ស៊ី ពីសំណាក់ប្រធានរដ្ឋភាជាតិនេះ គឺកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយវីដេអូឃ្លីបមួយថា «យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថា ជាជនក្បត់ជាតិ»។
លោក សម រង្ស៊ី បានបន្តថា «ដូច្នេះលោក ហេង សំរិន ពុំមានមូលដ្ឋានណាមួយក្នុងការប្តឹងប្រឆាំងខ្ញុំ ពីព្រោះខ្ញុំបង្ហោះវីដេអូឃ្លីបដែលគេបង្ហោះនៅលើប្រព័ន្ធអ៊ិនធើណែត យូធ្យូប (Youtube) ជាង៣០ឆ្នាំមកហើយ»។
សូមបញ្ជាក់ថា បច្ចុប្បន្នលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កំពុងរស់នៅឯបរទេសខណៈដែលលោកត្រូវបានតុលាការក្រុងភ្នំពេញ បានផ្តន្ទាទោសលោកក្នុងរឿងក្តីមួយចំនួន និងកំពុងបន្តសំណុំរឿងមួយចំនួនទៀតផងដែរ៕
មតិយោបល់