ភ្នំពេញៈ ខណៈដែលមានបណ្ដាញសារព័ត៌មានជាហូរហែបញ្ជាក់ថា អ្នកបុកតូបធុរ៉េនរបស់ស្រ្តីលក់ធុរ៉េនម្នាក់កាលពីថ្ងៃអាទិត្យ ទី១៧ កក្កដា គឺជាកញ្ញា ឱក សុគន្ធកញ្ញា នោះ ឥឡូវនេះនាងបានចេញមុខប្រកាសឲ្យអស់ចម្ងល់ជាថ្មីម្ដងទៀតថា នោះគឺជារឿងភាន់ច្រឡំ។ នាងថា ក្នុងថ្ងៃដែលគេចោទជាថ្ងៃកើតហេតុនោះ គឺនាងស្ថិតនៅភ្នំពេញ មិនបានធ្វើដំណើរទៅកាន់ខេត្តកំពតនោះឡើយ។ នាងបានប្រកាសថា ស្រ្តីដែលបានប្រកាសថា ខ្លួនជាអ្នកជិះឡានបុកតូបធុរ៉េននោះ គឺមានការភាន់ច្រឡំ ខ្លួននិងស្រ្តីផ្សេង ប៉ុន្តែនាងក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តផងដែរ ដោយសារតែស្រ្តីអ្នកលក់ធុរ៉េនម្នាក់នោះ បានប្រកាសជាសាធារណៈថា កញ្ញាក្រោយពីបានបុកហើយ គឺបានទទួលខុសត្រូវមិនបើកឡានរត់។ កញ្ញាថា នោះប្រហែលជានារីផ្សេងប៉ុណ្ណោះ ប៉ុន្តែនាងមិនខឹងចំពោះអ្វីដែលបានសាយភាយនោះឡើយ ដោយសារតែនាងយល់ថា បណ្ដាលមកពីមានការភាន់ច្រឡំនារីផ្សេងច្រលំថាជានាង ទើបបណ្ដាលឲ្យមានរឿងផ្អើលដល់បណ្ដាញសារព័ត៌មានក្នុងប៉ុន្មានថ្ងៃនេះ។
សុគន្ធកញ្ញា បានបង្ហោះសារបដិសេធពាក់ព័ន្ធនឹងរឿងដែលបានសាយភាយនោះថា “ប៉ុន្មានថ្ងៃនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយពីមីងម្នាក់ ដែលគាត់ជាអ្នកលក់ធុរ៉េននៅខេត្តកំពត ដែលថាមានរថយន្តមួយគ្រឿងបើកប៉ះតូបលក់ធុរ៉េនរបស់គាត់ ហើយគាត់បានសរសើរនូវការទទួលខុសត្រូវរបស់អ្នកដែលបានប៉ះតូបរបស់គាត់ ហើយក្នុងនោះគាត់បាននិយាយថា អ្នកដែលបានប៉ះនោះ គឺជារូបនាងខ្ញុំ។ ខ្ញុំពិតជារំភើបចំពោះការសរសើរ និងទឹកចិត្តរបស់មីង.. ក៏ប៉ុន្តែខ្ញុំគិតថា អ្នកមីងប្រហែលជាច្រឡំមនុស្សហើយ ពីព្រោះនាងខ្ញុំពិតជាមិនបានជួបនូវហេតុការណ៍បែបនេះទេ ហើយជាក់ស្តែងនៅថ្ងៃអាទិត្យនោះ(១៧ កក្កដា) នាងខ្ញុំជាប់ច្រៀងកម្មវិធីមួយនៅកោះពេជ្រផងដែរ។
ទោះជាយ៉ាងណា ខ្ញុំសូមផ្ញើនូវការស្រលាញ់ និងទឹកចិត្តដ៏ល្អរបស់មីងជូនមនុស្ស ដែលបានប៉ះតូបលក់ធុរ៉េនរបស់មីង ពីព្រោះគាត់ជាមនុស្សល្អ ខ្ញុំសូមកោតសរសើរនូវការទទួលខុសត្រូវរបស់គាត់។ ពិតជាគំរូដ៏ល្អសម្រាប់ប្រជាជនគ្រប់រូប..។ ធ្វើអំពើល្អ ពិតជាទទួលបានវិញនូវអំពើល្អដូចគ្នា.។ ជូនពរមីងសុខសប្បាយ និងលក់ធុរ៉េនឲ្យដាច់បានច្រើន ហើយនាងខ្ញុំសូមអរគុណដល់បងៗសារព័ត៌មាន ដែលបានចុះផ្សាយអំពីរឿងនេះ..។
កញ្ញាបន្តថា អ្វីដែលនាងប្រកាសឡើងនេះ គឺគ្រាន់តែចង់បង្ហាញមហាជនកុំឲ្យយល់ច្រឡំ និងកុំឲ្យអ្នកបានឃើញនាងបង្ហាញខ្លួននៅក្នុងកម្មវិធីមួយនៅកោះពេជ្រ បន្តចម្ងល់ក្រោយពេលមានការប្រកាសថា នាងបានបើករថយន្តបុកតូបធុរ៉េន នៅខេត្តកំពតនោះតែប៉ុណ្ណោះ៕
មតិយោបល់