(ឡាហាវ៉ាន់)៖ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានធ្វើការរិះគន់ចំពោះដំណើរ ទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា មកកាន់ដែនដីកោះមួយនេះ កាលពីខែមីនាថា ការប៉ះទង្គិចដ៏ធ្ងន់ធ្ងរមួយ ចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌របស់គុយបា ជាពិសេសចំពោះប្រជាជនដែលកំពុងបម្រើការងារផ្នែកឯកជន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០១៦។
ការលើកឡើងរបស់លោក Rodriguez នេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលរបស់គណបក្សកុម្មុយនិស្ត គុយបា លើកទី៧ នៅទីក្រុងឡាហាវ៉ាន់។ តាមការថ្លែងក្នុងទស្សន៍រដ្ឋគុយបា លោករដ្ឋមន្ត្រីការបរទេសបានថ្លែង បញ្ជាក់ថា ដំណើរទស្សនកិច្ចនោះ បានបង្ហាញឲ្យឃើញ ពីការប៉ះទង្គិចដល់បែបបទរស់នៅរបស់យើង ថែមទាំងប្រវត្តិសាស្ត្រ វប្បធម៌ និង អត្តសញ្ញាណ របស់គុយបាផងដែរ។
គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រមុខការទូតគុយបាខាងលើនេះ គឺចង់សំដៅទៅលើការថ្លែង និង អត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា មកកាន់គុយបាកាលពីខែមីនា ថាបាន ពង្វក់អារម្មណ៍ប្រជាជនគុយបាជាច្រើន ដែលបាននិងកំពុងកើនឡើងសម្រាប់ការបម្រើការងារនៅ ផ្នែកឯកជន ហើយវាក៏ត្រូវបានគុយបា ចាត់ទុកជាចេតនារបស់អាមេរិក ដែលចង់ឲ្យកើតមានការប្រឆាំង ចំពោះប្រព័ន្ធដឹកនាំ នយោបាយរបស់ប្រជាជាតិលើដីកោះនេះផងដែរ៕
មតិយោបល់