ព័ត៌មានជាតិ

បើកបរទាំងងងុយ ទៅបុកគល់ឈើ រងរបួស និងស្លាប់ យ៉ាងអាណោចអាធ័ម

(បាត់ដំបង)៖ ជនរងគ្រោះមួយគ្រួសារបានរងរបួស និងស្លាប់យ៉ាងអាណោចអាធ័ម ជាទីបំផុត ខណ:ដែលពួកគេបានវិលត្រឡប់មកពីធ្វើបុណ្យសពឲ្យឪពុកនៅឯ ខេត្តព្រៃវែង ហើយខំប្រឹងបើកបររថយន្តទាំងយប់ និងទាំងងងុយបើកភ្នែកមិនចង់រួច ធ្វើឲ្យរថយន្តរេចង្កូតធ្លាក់ទៅបុកនឹងគល់ឈើយ៉ាងពេញទំហឹងតែម្តង ។

របាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង១៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៦ ភូមិសាលាត្រាវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលជាករណីគ្រោះថ្នាក់ដោយខ្លួនឯង និង បង្កឡើងដោយរថយន្តម៉ាកនីសាន់ធុនតូច ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ២Q-៨៧៦៣ បើកបរក្នុងទិសដៅពីកើតទៅលិច ដោយឈ្មោះ ជិន នី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងឈើទាល ឃុំជ្រេះ ស្រុកជុំគិរី ខេត្តកំពត ។

របាយការណ៍ បានបន្តថា រថយន្តនេះគឺបានបើកបរក្នុងល្បឿនយ៉ាងលឿនបំផុត ដោយ មកដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែរថយន្តបានរេចង្កូតទៅឆ្វេងធ្លាក់ចេញពីលើផ្លូវជាតិ ចុះទៅបុកនឹងគល់អំពិលទឹកយ៉ាងពេញទំហឹង ធ្វើឲ្យក្បាលរថយន្តរួញជាប់តែម្តង ។ នៅក្នុងខណ:នោះដែរ ទាំងសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ បានចេញមកជួយ ប៉ុន្តែមិនអាចយករថយន្តឡើងមកលើបានឡើយ ដោយគ្រាន់តែបាន ជួយបញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះតែប៉ុណ្ណោះ។ ដោយឡែកសពគឺទុកនៅ ក្នុងរថយន្តរង់ចាំ រហូតដល់ព្រឹកទើបសាច់ញាតិ និងក្រុមគ្រួសារមកនាំយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត ។

ក្រោយពីបានធ្វើការសាកសួរទៅស្ត្រីម្នាក់ដែលត្រូវជាម្តាយឈ្មោះ ជិន សាមៀត រស់នៅ ភូមិឫស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យដឹងថា ពួកគាត់ទាំងអស់គ្នា បានវិលត្រឡប់មកពីខេត្តព្រៃវែង ដោយឡើងទៅធ្វើបុណ្យសពឪពុក ហើយវិលត្រឡប់ ទៅកាន់ក្រុងប៉ោយប៉ែត វិញ ដោយបានធ្វើដំណើរទាំងយប់ ។

ស្ត្រីដដែល បានបន្ថែមថា នៅក្នុងរថយន្តនេះមានអ្នកជិះទាំងអស់៦នាក់ ហើយមកតាមផ្លូវ កូនប្រុសរបស់គាត់ បានឈប់សម្រាកនៅតាមផ្លូវចំនួនពីរដងរួចមកហើយ ដោយសារតែ គេងងុយខ្លាំងពេក បន្ទាប់មកពួកគេក៏បានចេញដំណើរទាំងយប់បន្តទៀត ស្រាប់តែ មកដល់ត្រង់ចំណុចខាងលើ ស្រាប់តែរថយន្តបានរេចង្កូតទៅខាងឆ្វេងដៃហើយធ្លាក់ទៅ បុកនឹងគល់ឈើតែម្តង ធ្វើឲ្យកូនប្រុសរបស់គាត់ដែលជាអ្នកកាន់ចង្កូតបានរងរបួសជាទម្ងន់ រីឯប្រពន្ធរបស់គេត្រូវបានស្លាប់ ដោយសារតែមិនបានដាក់ខ្សែក្រវាត់ ធ្វើឲ្យ បោកទៅខាងមុខនិងមុតកញ្ចក់ត្រង់បំពង់ក រយះយ៉ាងធំ ។

បច្ចុប្បន្ននេះសមត្ថកិច្ច បានធ្វើការប្រគល់សពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យនៅឯស្រុកកំណើត ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយសារតែអាការ: មានសភាពធ្ងន់ធ្ងរខ្លាំងពេក ៕

photo_2016-04-19_12-39-17 photo_2016-04-19_12-39-11 photo_2016-04-19_12-39-26 photo_2016-04-19_12-39-33 photo_2016-04-19_12-38-57 photo_2016-04-19_12-39-04

មតិយោបល់