ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តួកគីនឹងដកឯកអគ្គរដ្ឋទូតមួយចំនួននៅក្រៅប្រទេស សង្ស័យជាប់ពាក់ព័ន្ធរដ្ឋប្រហារ

តួកគី: លោករដ្ឋមន្ត្រីក្រសួងការបរទេស Mevlut Cavusoglu និយាយនៅថ្ងៃចន្ទ នេះថា តួកគីនឹងដកឯកអគ្គរដ្ឋទូតមួយចំនួននៅក្រៅប្រទេស ដោយសង្ស័យថា អាចជាប់ពាក់ព័ន្ធទៅនឹង រដ្ឋប្រហារយោធាដែលបានបរាជ័យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះ។

នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ឯកជន Haberturk TV លោក Cavusoglu បាននិយាយ ទៀតថា រដ្ឋាភិបាលទីក្រុងអង់ការ៉ា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យសហរដ្ឋអាមេរិកធ្វើបត្យាប័នបព្វ ជិតមូស្លីមលោក Fethullah Gulen មកកាន់តួកគីវិញ។ តួកគីបានចោទប្រកាន់លោក Gulen ថានៅ​ពីក្រោយរដ្ឋប្រហារកាលពីថ្ងៃទី១៥ ខែកក្កដា។

បុគ្គលិកជាង ៤៤.០០០នាក់នៃស្ថាប័នរបស់រដ្ឋនានា ត្រូវបានផ្អាកចំពេលមានការស៊ើបអង្កេត​នៅទូទាំង​ប្រទេសនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនេះ ដែលសង្ស័យថា មានទំនាក់ទំនងជាមួយលោក Gulen ។

កាលពីថ្ងៃទី១៨ ខែកក្កដា លោកនាយករដ្ឋមន្ត្រីតួកគី Binali Yildirim បានឱ្យដឹងថា មនុស្សចំនួន ២០៨នាក់ត្រូវបានសម្លាប់ដោយការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធា ដែលរួមបញ្ចូលទាំងមន្ត្រីប៉ូលិស ៦០នាក់, ទាហានបីនាក់និងជនស៊ីវិល ១៤៥នាក់។ ដោយឡែកអ្នករួមផ្សំគំនិតធ្វើរដ្ឋប្រហារ​ជាង ១០០នាក់​ក៏ត្រូវបាន​សម្លាប់ផងដែរ៕

Mevlut Cavusoglu Turkey

មតិយោបល់