ឥណ្ឌា: មន្ត្រីបាននិយាយឲ្យដឹងថា ទឹកជំនន់ដ៏អាក្រក់បានវាយប្រហាររដ្ឋ Assam នៅភាគឦសាននៅតាមតំបន់ទឹកជន់លិចថ្មីរបស់ប្រទេសឥណ្ឌា។ ហើយស្រុកចំនួន៣២ របស់រដ្ឋនេះ យ៉ាងហោចណាស់មានស្រុកចំនួន១៨ ត្រូវបានទឹកជន់លិចប៉ះពាល់ដល់មនុស្សជាង ១,២លាននាក់។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៦នេះ។
អាជ្ញាធរបានដាក់ពង្រាយក្រុមកម្លាំងឆ្លើយតបគ្រោះមហន្តរាយនៅទូទាំងស្រុក ដែលរងផលប៉ះពាល់ក្នុងការជួយមនុស្សឱ្យទៅដល់កន្លែងដែលមានសុវត្ថិភាព។ ទឹកជំនន់បានជន់លិចផ្ទៃដីកសិកម្មជិត ១០០.០០០ហិកតា។ ដោយឡែក ទឹកជន់លិចតំបន់ឧទ្យានជាតិធំនិងដែនជម្រកសត្វព្រៃ Kaziranga Pobitora ។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការវិទ្យុឥណ្ឌាទាំងអស់ (AIR) របស់ប្រទេសឥណ្ឌា បាននិយាយថា មន្ត្រីក្នុងតំបន់បានរៀបចំជំរំសង្គ្រោះនៅតំបន់ដែលរងផលប៉ះពាល់ចំនួន ២២០កន្លែង ហើយមនុស្សចំនួន ៨៨.០០០នាក់ ត្រូវបានជ្រកកោននៅជំរំបណ្តោះអាសន្នទាំងនេះ។
បើតាមរបាយការណ៍បានឱ្យដឹងថា ហ្វូងសត្វព្រៃ រួមទាំងសត្វដំរីត្រូវបានគេឃើញហែលទឹកនិងជួបការលំបាកក្នុងការធ្វើដំណើរទៅដល់តំបន់ខ្ពង់រាប នៅឧទ្យានជាតិ Kaziranga។ ទឹកជំនន់នេះគឺជាការកើតឡើងប្រចាំឆ្នាំនៅក្នុងរដ្ឋ Assam ជាពិសេសក្នុងអំឡុងពេលរដូវខ្យល់មូសុងរដូវក្តៅនេះ៕
មតិយោបល់