ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បញ្ជូនក្មួយប្រុសបង្កើតមេគុក ប៉េហ្ស៊ី មកបើកកញ្ចប់គ្រឿងញៀន (វីដេអូ)

ភ្នំពេញៈ ក្មួយប្រុសបង្កើតរបស់លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ ប៉េហ្ស៊ី (PJ) ត្រូវបានសមត្ថកិច្ចអនុរក្សពន្ធនាគារបញ្ជូនឲ្យមកបើកកញ្ចប់គ្រឿងញៀន ទម្ងន់ជាង១ជី នៅសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។

មន្ត្រីតុលាការឲ្យដឹងថា លោក ឆែ វីរៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យអនុរក្សពន្ធនាគាររាជធានីភ្នំពេញ ឬពន្ធនាគារប៉េហ្ស៊ី (PJ) នាំខ្លួនជនជាប់ចោទឈ្មោះ ពេជ្រ ចរណៃ ហៅ កៃ ភេទប្រុស អាយុ២៦ឆ្នាំ ជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មកបើកកញ្ចប់វត្ថុតាងថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់ប្រមាណ១ជីកន្លះ។

ជនជាប់ចោទឈ្មោះ ពេជ្រ ចរណៃ ហៅកៃ ត្រូវបានប្រភពពីពន្ធនាគារបង្ហើបថា ជាក្មួយប្រុសបង្កើតរបស់លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ PJ។ ប្រភពបន្តថា ជនជាប់ចោទឈ្មោះ ពេជ្រ ចរណៃ ហៅកៃ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីពេលប្រមាណមួយខែមុន នៅម្តុំស្តុបកោសដូងម៉ុងឌីយ៉ាល់ ដោយរកឃើញមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួនប្រមាណ១ជីកន្លះ។ ក្រោយមកតុលាការបានបញ្ជូនជនជាប់ចោទឈ្មោះ ពេជ្រ ចរណៃ ហៅកៃ ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ដែលមានឪពុកមាជាប្រធានស្រាប់។

បើយោងតាមប្រភព ជនជាប់ចោទឈ្មោះ ពេជ្រ ចរណៃ ហៅកៃ មានវាសនាល្អជាងជនជាប់ចោទដទៃណាស់ ពោល គឺរូបគេបានស្នាក់នៅបន្ទប់ពន្ធនាគារធំទូលាយ មានមនុស្ស៦នាក់ ក្នុងមួយបន្ទប់ ខណៈជនជាប់ចោទដទៃទៀត ត្រូវដេកក្នុងបន្ទប់មួយប៉ុនគ្នា តែមានជនជាប់ឃុំជាង១០នាក់ ស្ទើររើខ្លួនមិនរួច។

យ៉ាងណាមិញ កន្លងមកលោក ពេជ្រ យ៉ុន ធ្លាប់បានបកស្រាយថា ការរិះគន់ និងការទម្លាយព័ត៌មានថា លោកគ្រប់គ្រងពន្ធនាគារ PJ មិនបានល្អពីសំណាក់មន្ត្រីក្រោមឱវាទលោកនោះ ជារឿងមិនពិត និងជារឿងប្រឌិតឡើង ដោយសារតែមន្ត្រីទាំងនោះ បាត់បង់ប្រយោជន៍នៅពេលលោកមកកាន់តំណែង និងអនុវត្តច្បាប់តឹងរឹង៕

https://youtu.be/mgzjWLRE1mo

មតិយោបល់