សិង្ហបុរី: ប៉ូលិសសិង្ហបុរីបាននិយាយនៅថ្ងៃសុក្រនេះថា មនុស្សសរុបចំនួន៥៥នាក់ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទក្លែងបន្លំ ឬករណីឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (អនឡាញ) ចំនួន១៥០ករណី ដែលពាក់ព័ន្ធនឹងលុយច្រើនជាង ២៣០.០០០ដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦នេះ។
ប៉ូលិសដដែលបាននិយាយថា ជនឆបោកទាំងនោះ រួមមាន បុរស ២៧នាក់និងស្ត្រី ២៨នាក់ ដែលមានអាយុចន្លោះពី ១៧និង៧២ឆ្នាំ ត្រូវបានព័ទ្ធចាប់ខ្លួនដោយប៉ូលិស ក្នុងប្រតិបត្ដិការទ្រង់ទ្រាយធំមួយ កាលពីថ្ងៃចន្ទនិងថ្ងៃពុធ។ ភាគច្រើននៃជនសង្ស័យ ត្រូវបានគេជឿថា បានធ្វើជាអ្នកលក់តាមអនឡាញនិងមិនបានផ្តល់នូវផលិតផលទៅអ្នកបញ្ជាទិញ បន្ទាប់ពីទទួលបានការទូទាត់សាច់ប្រាក់ (Credit) តាមអនឡាញរួចហើយ។
ផលិតផលដែលពួកគេឆបោកតាមនេះ រួមមាន ការលក់សំបុត្រចូលស្នាក់នៅក្នុងស្រុក, សំបុត្របញ្ជាក់, លិខិតធានា, បង្កាន់ដៃ, ទូរស័ព្ទដៃ, ការកក់បន្ទប់សណ្ឋាគារ និងផ្សេងៗទៀត។
ជនសង្ស័យទាំងនោះ អាចនឹងត្រូវបានចោទប្រកាន់ពីបទរំលោភលើសេចក្តីទុកចិត្ត ឬឆបោក ដែលអនុវត្ដការដាក់ទណ្ឌកម្មរហូតដល់ជាប់ពន្ធនាគារ ១០ឆ្នាំនិងពិន័យជាប្រាក់ ឬការលាងលុយកខ្វក់ដែលបានអនុវត្ដការដាក់ទណ្ឌកម្មដាក់ពន្ធនាគាររហូតដល់ជាង១០ឆ្នាំនិងពិន័យជាប្រាក់រហូតដល់ ៥០០.០០០ដុល្លារអាមេរិក។
សូមបញ្ជាក់ថា ចំនួនករណីបន្លំឆបោកពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមអនឡាញ e-commerce បានកើនឡើងពី ១.៦៦៥ករណីនៅក្នុងឆ្នាំ២០១៤ ដល់ ២.១៧៣ករណីកាលពីឆ្នាំមុន នេះបើយោងតាមប៉ូលិស៕
មតិយោបល់