ភ្នំពេញៈ វាំងននខ្មៅនៅពីក្រោយខ្នង នៃអំពើពុករលួយរបស់ជំនួយការអគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានតួនាទីជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ លោក អ៊ឹង ជាវែង ដែលត្រូវ ACU ចាប់ខ្លួនកាលពីដើមខែកក្កដានេះ ត្រូវបានលាតត្រដាងការពិត ថាពាក់ព័ន្ធរឿងទារប្រាក់ពីក្រុមហ៊ុនកាត់ដេរ។ បើតាមប្រធាន ACU មន្ត្រីគយរូបនេះ គឺពាក់ព័ន្ធនឹងរឿងជំរិតទារប្រាក់ប្រមាណជាង៧៨,០០០ដុល្លារអាមេរិក លើការសម្រួលរៀបចំឯកសារនាំចូលវត្ថុធាតុដើម រួមនឹងរឿងពុករលួយមួយចំនួនទៀត។
ថ្លែងក្រោយបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការអប់រំ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU ឲ្យដឹងថា លោក អ៊ឹង ជាវែង បានជំរិតទារប្រាក់ពីក្រុមហ៊ុនកាត់ដេរមួយដែលរត់ការសុំនាំចូលវត្ថុធាតុដើមផ្សេងៗសម្រាប់ដំណើរការផលិតកម្មរបស់រោងចក្រនៅក្នុងប្រទេសកម្ពុជា ដោយរួចពន្ធគ្រប់យ៉ាងតាមគោលការណ៍លើកទឹកចិត្តវិនិយោគិនរបស់រាជរដ្ឋាភិបាល។ លោកបន្ថែមថា ដោយសារលោក អ៊ឹង ជាវែង ជាជំនួយការអគ្គនាយកគយ និងរដ្ឋាករកម្ពុជា មន្ត្រីគយរូបនេះ បានប្រព្រឹត្តអំពើពុករលួយដោយជំរិតទារប្រាក់ពីក្រុមហ៊ុនកាត់ដេរតាមរយៈការសម្រួលរៀបចំធ្វើឯកសារមុនដាក់ឲ្យប្រធានរបស់ខ្លួនចុះហត្ថលេខា ហើយពន្យាពេលឲ្យយូរដែលធ្វើឲ្យខាតបង់ការនាំចេញផលិតផលរបស់គេរាប់លានដុល្លារ។ ការពន្យាពេលឯកសារម្ដងជាពីរដង គឺជាលេសដើម្បីទារប្រាក់រហូតជននេះ ទទួលបានស្រោមសំបុត្រជាទឹកប្រាក់ចំនួន៣ ហើយក៏ត្រូវបែកការទើបអង្គភាពរបស់លោកចាប់ភស្តុតាងគ្រប់គ្រាន់តែម្ដង។
លោក ឱម យ៉ិនទៀង បន្តឲ្យដឹងថា ផ្អែកតាមភស្តុតាងដែលទទួលបាន និងចម្លើយសារភាពរបស់សាម៉ីខ្លួន ACU បានបញ្ជូនជនសង្ស័យទៅតុលការ ដោយភ្ជាប់សំណើឲ្យសងប្រាក់ទៅក្រុមហ៊ុនដើមវិញ ចំនួន៧៨,០០០ដុល្លារ និងចាត់ការតាមផ្លូវច្បាប់។ “យើងយកតែមួយរឿងនឹងហ្អេ តាមពិតគាត់មានពីរបីរឿងទៀត ដែលយើងចោទពីបទវិតិក្រម ដែលតុលាការចោទ គឺអ្វីដែលមិនត្រូវទារគេ ពី២ទៅ៥ឆ្នាំ ហើយយើងបានរកឃើញថា គាត់បានយកលុយអាកំប៉ិកំប៉ុកៗហើយត្រឹមតែអ្វីដែលគាត់សារភាព… យើងសុំចឹង! សុំឲ្យផ្តន្ទាទោសគាត់អំពីមាត្រាវិតិក្រម ទីពីរសុំឲ្យគាត់សងលុយ៧៨ពាន់អីហ្នឹង ដែលយើងបូកគាត់កាន់រយៈពេល១៨ខែនៅទីនោះ”។ ប្រធាន ACU បញ្ជាក់។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏ឲ្យដឹងដែរថា មកទល់នឹងបច្ចុប្បន្ននេះ ACU ហាក់មានមោទនភាព ដោយសារអង្គភាពរបស់លោកបានសម្រេចលទ្ធយ៉ាងល្អក្នុងការទប់ស្កាត់អំពើពុករលួយនៅកម្ពុជា។ លោកមើលឃើញថា ការប្រែប្រួលនៃឥរិយាបថសង្គម ធ្វើអំពើពុករលួយលែងកើតមានដោយបើកចំហរ បូករួមទាំងការភ្ញាក់រឭក និងការទទួលខុសខ្ពស់របស់មន្ត្រីសាធារណៈ បានធ្វើឲ្យចំនួនបណ្ដឹងពាក់ព័ន្ធអំពើពុករលួយថយចុះ។ ថ្វីត្បិតបណ្ដឹងថយចុះ ប៉ុន្តែលោកថា បណ្ដឹងអំពើពុករលួយលើមន្ត្រីថ្នាក់មធ្យមដែលតែងតាំងដោយប្រកាស មានការកើនឡើងច្រើនជាង៧០%ទៅវិញ។
គួររំឭកថា លោក អ៊ឹង ជាវែង ជំនួយការអគ្គនាយក នៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ ត្រូវបាន ACU ចាប់ខ្លួនកាលពីម៉ោង៧យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ។ បន្ទាប់មក នៅថ្ងៃទី១៦ ខែកក្កដា ទើបលោក លាង សំណាត់ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ពីបទវិតិក្រម តាមមាត្រា៥៩២ មាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ប្រឆាំងអំពើពុករលួយ ដែលប្រឈមនឹងជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល៕
មតិយោបល់