ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេធាវីការពារក្តីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ថាកូនក្តីអ្នកស្រីមិនទាន់បានទទួលដីកាកោះហៅនៅឡើយទេ

ភ្នំពេញៈ លោកស្រី ទ្រី ឈូន បានថ្លែងនៅមុននេះបន្តិចថា លោកស្រី និងកូនក្តីលោកស្រីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ មិនទាន់បានទទួលដីកាកោះហៅឱ្យចូលខ្លួនទៅបំភ្លឺនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ របស់លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយទេ។ លោកស្រីសុំមិនទាន់បញ្ជាក់ចំពោះការចូលខ្លួន ឬមិនចូលខ្លួនទៅបំភ្លឺរបស់កូនក្តីលោកស្រីនោះទេនៅពេលនេះ គឺរងចាំទទួលបានដីកាកោះជាមុនសិន។

សូមបញ្ជាក់ថា លោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ មេសា ២០១៦ បានចេញដីកាដោះអញ្ជើញកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ឱ្យចូលខ្លួនមកបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងរបស់កញ្ញាធី សុវណ្ណថា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ កន្លងទៅ ដែលបានប្តឹងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំលើ អំពើបរិហារកេរ្តិ៍ តាមរយៈខ្សែអាត់សម្លេងឆ្លើយឆ្លងគ្នារវាងលោក កឹម សុខា ប្រធានស្តីទី គណៈបក្សសង្គ្រោះជាតិ និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយ និងបង្ហោះលើគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ រឿងពិត CNRP។

គួររំឮកថា កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះ កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ទើបនឹងត្រូវបានលោម សៀង សុខ តំណាងអយ្យការ សាកសួរពាក់ព័ន្ធ នឹងរបាយការណ៍របស់សមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលបានបង្ហាញថា កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានផ្តល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ ជាមួយលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ៕

photo_2016-04-20_12-54-08 photo_2016-04-20_12-54-09 photo_2016-04-20_12-54-09 (2) photo_2016-04-20_12-54-11 photo_2016-04-20_12-54-13

មតិយោបល់