ព័ត៌មានជាតិ

ឈរមើលគេរាំបាស់ ត្រូវឃាតករ វាត់មួយដែកឆាបស្លាប់ភ្លាមមួយរំពេច

បាត់ដំបងៈ យុវជនម្នាក់បានដាច់ខ្យល់ស្លាប់ បន្ទាប់ពីក្រុមគ្រួសាររៀបចំដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ខណៈដែលយុវជនរូបនេះទៅឈរមើលគេរាំធុងបាស់នៅឯវត្ត ដែលអាចារ្យ គណកម្មការបានរៀបចំឡើងថាជាយប់ចុងក្រោយ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងជ្រួលច្របល់ពេញក្នុងទីអារាម ។

ហេតុការណ៍នៃករណីមនុស្សឃាតកម្មដោយចេតនានេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១០និង១៥នាទីយប់ ត្រង់ចំនុចក្នុងបរិវេណវត្តបឹងទឹម ស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយនៅទីនោះអាចារ្យ និងគណកម្មការ នៅតែបន្តការចាក់ធុងបាស់សម្រាប់ទទួលទេវត្តាឆ្នាំថ្មី នៅមិនទាន់ចប់នៅឡើយ ដែលបញ្ហានេះទំនងជាអាចរកប្រាក់ចំណូលបានច្រើន បានជាគេអូសបន្លាយពេលមកដល់ថ្ងៃកើតហេតុ ហើយនៅមិនទាន់បញ្ចប់ទៀត ។

តាមការរៀបរាប់ពីក្រុមគ្រួសារ សាច់ញាតិបាននិយាយថា ជនរងគ្រោះមានឈ្មោះ ឡម វ៉ាន់ស៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ដែលនៅល្ងាចថ្ងៃកើតហេតុគឺគេបានដើរទៅមើលគេរាំធុងបាស់នៅឯវត្ត ដែលឮគេនិយាយថា យប់ហ្នឹងគឺជាយប់ចុងក្រោយផង។

លុះនៅពេលកើតហេតុក៏ស្រាប់តែមានគេមកប្រាប់ថា កូនប្រុសត្រូវបានជនមិនស្គាល់មុខ ចាក់ចំខ្នងបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ គឺនៅពេលនោះហើយសាច់ញាតិ និងក្រុមគ្រួសារបាននាំគ្នាទៅយកជនរងគ្រោះដើម្បីដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបពួកគាត់បាននាំយកសពមកកាន់លំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យ ។

លោក មួរ ឡាន អធិការរងទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបលស្រុកសង្កែ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា ភ្លាមៗក្រោយពេលដែលលោកទទួលបានព័ត៌មាន លោកបានដឹកនាំកំលាំងចុះទៅកាន់ចំនុចកើតហេតុ ព្រមទាំងបានកំណត់មុខសញ្ញាបានយ៉ាងច្បាស់ដោយបានបែងចែកកំលាំងដើម្បីតាមប្រមាញ់ប៉ុន្តែទំនងជាយឺតពេលបន្តិចទៅហើយ ព្រោះមុខសញ្ញាដែលជាឃាតករអាចចេញឆ្ពោះទៅកាន់ព្រំដែនកម្ពុជា ថៃ ។

ដោយឡែកសពរបស់ជនរងគ្រោះ តាមការត្រួតពិនិត្យរបស់ក្រុមជំនាញបានបញ្ជាក់ថា ឃាតករអាចប្រើដែកឆាប (ដែកប្រហោងសម្រាប់ចាក់បាវអង្ករ) ចាក់ចំពីក្រោយយ៉ាងពេញទំហឹង ព្រោះមុខរបួសដែលឃាតករចាក់គឺត្រូវចំពីក្រោមស្លាបប្រចៀវខាងឆ្វេង និងមានជំរៅប្រហែល៥សង្ទីម៉ែត្រ ដោយមានប្រហោងយ៉ាងធំទៅតាមទំហំនៃដែកឆាំ។

សមត្ថកិច្ចបានសង្កត់ធ្ងន់ថា រឿងនេះលោកនឹងរាយការណ៍រួចហើយ គឺសុំគោលការទៅ លោកព្រះរាជអាជ្ញាតែម្តង ដើម្បីសុំដីកាចាប់ខ្លួន ព្រោះឃាតករ សមត្ថកិច្ចបានកំណត់ យ៉ាងច្បាស់រួចហើយ ដោយឡែកសព គឺក្រុមគ្រួសារកំពុងរៀបចំធ្វើបុណ្យហើយ៕

photo_2016-04-20_12-43-59photo_2016-04-20_12-53-06 photo_2016-04-20_12-53-03

មតិយោបល់