ថៃៈ ថ្នាំញៀនជិត២លានគ្រាប់ដែលបង្កប់ក្នុងស្ពៃក្តោប រួមនិងជនសង្ស័យម្នាក់ដែលជាអ្នកបើករថយន្ត ត្រូវបានកម្លាំងក្រុមតម្រួតថៃ សហការជាមួយនិងកម្លាំងយោធាភូមិភាគ៣ ធ្វើការបង្ក្រាបបាន។
យោងតាមរបាយការណ៍បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយក្រុមតម្រួតថៃ សហការជាមួយនិងកម្លាំងយោធា ចេញប្រតិបត្តិការបង្ក្រាបរថយន្តដឹកស្ពៃក្តោបមួយគ្រឿង នៅចំណុចក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង តាមបណ្តោយផ្លូវអេសៀ ស្ថិតក្នុងស្រុកឥន្ទបុរី ខេត្តស៊ីងបុរី ប្រទេសថៃ កាលពីរសៀលម៉ោង៤ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ប្រភពដដែលបន្តថា រថយន្តដែលប្រព្រឹត្តបទល្មើសខាងលើនេះ ម៉ាក តូយូតា ប្រភេទដឹកទំនិញ ពាក់ស្លាកលេខ ១៦០៩ ដោយនៅលើរថយន្តមានដឹកស្ពៃក្តោបពេញទ្រុងរថយន្ត បើកបរដោយឈ្មោះ ចាវ សែនយ៉ាង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ៩ ឃុំសាន់ថាក់ ស្រុកណាណយ ខេត្តណាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
ដោយធ្វើការឆែកឆេរនៅក្នុងទ្រុងរថយន្តដែលពោរពេញដោយស្ពៃក្តោប ក៏បានប្រទះឃើញគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន ៨៧៨ ដុំ ស្មើនឹងគ្រឿងញៀនចំនួន ១,៨០០,០០០ គ្រាប់ និងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១០កញ្ចប់ ស្មើនឹងទម្ងន់ ១០ គីឡូក្រាម។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងអស់នេះ គឺគេបាននាំមកពីភាគខាងជើងប្រទេសថៃ ដោយដឹកយកទៅបោះឲ្យម៉ូយសម្រាប់
ចែកចាយនៅក្នុងខេត្តប៉ាធុមថានី។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ ត្រូវបានកម្លាំងរៀបចំបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕
មតិយោបល់