កំពង់ស្ពឺៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា បញ្ហាស្វែងរកសន្តិភាទូទាំងប្រទេសវា ផ្តើមចេញពីតំបន់ឱរ៉ាល់ ខេត្តកំពង់ស្ពឺនេះ ដែលចាំបាច់ត្រូវមានការសម្រេចចិត្តខាងនយោបាយ ដើម្បីបញ្ចប់សង្រ្គាម។ វាផ្តើមចេញពីមេទ័ពខ្មែរក្រហមម្នាក់ ឈ្មោះ កែ ពក។ គាត់បានបញ្ជូនកូនរបស់គាត់មករៀននៅភ្នំពេញ ដោយគ្មានអ្នកដឹង។ ហើយគាត់បានធ្វើដំណើរមកភ្នំពេញដែរ។ យើងក៏បានចាប់ផ្តើមនៅក្នុងការធ្វើសមាហរណកម្មខ្មែរក្រហម។
សម្តេចតេជោ បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៤៤ នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ។
ពាក់ព័ន្ធបញ្ហាស្វែងរកសន្តិភាពនេះដែរ សម្តេចតេជោបានបញ្ជាក់ថា ពេលនោះ មានសំណួរបានសួរមកខ្ញុំថា ចុះបើសិនជា កែ ពក មិនអនុវត្តតាមផែនការរបស់យើង តើយើងធ្វើម៉េច។ បើមិនអនុវត្តទេ យើងអត់មានបាត់បង់អ្វីទាំងអស់ គឺកម្លាំងនៅរក្សាដដែល ប៉ុន្តែបើយើងយក កែ ពក មកនៅភ្នំពេញ យើងបានតែ កែ ពក ម្នាក់ ហើយខ្មែរក្រហម ក៏បាត់តែមនុស្សម្នាក់ដែរ។ ប៉ុន្តែបើ កែ ពក អនុវត្តវិញ គឺយើងបានទឹកដីទាំងអស់។
សម្តេចបានបញ្ជាក់ទៀតថា ម្យ៉ាងទៀត ម្តាយខ្ញុំ និងធំរបស់ខ្ញុំ បានសួរខ្ញុំថា ឯងទៅតំបន់ខ្មែរក្រហម ឯងមិនខ្លាចខ្មែរក្រហមសម្លាប់ទេឬអី? ខ្ញុំបានឆ្លើយទៅកាន់ម្តាយខ្ញុំ និងធំរបស់ខ្ញុំថា ម៉ែ,ធំ បើខ្ញុំស្លាប់ ស្លាប់ខ្ញុំតែខ្ញុំម្នាក់ និងសហការីប៉ុន្មាននាក់ប៉ុណ្ណោះ ប៉ុន្តែបើបានវិញ គឺបានទឹកដីទាំងមូលតែម្តង។ ហើយការដាក់ចេញនូវនយោបាយឈ្នះឈ្នះ គឺត្រូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្ត ជាពិសេស គឺការធានារហូតដល់អាយុជីវិត។ នេះហើយជាប្រវត្តិនៃការធ្វើឲ្យមានសន្តិភាពនៅកម្ពុជា ដែលផ្តើមចេញតំបន់ឱរ៉ាល់នេះ។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺថា យើងអាចធ្វើដំណើរបានទូទាំងប្រទេស ទាំងថ្ងៃទាំងយប់ដោយគ្មានការភ័យខ្លាចពីបញ្ហាសន្តិសុខ។ ប៉ុន្តែអ្វីដែលសំខាន់ គឺសូមឲ្យតែបងប្អូន ធ្វើដំណើរសូមគិតអំពីសុវត្ថិភាព កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍៕
មតិយោបល់