ព័ត៌មានជាតិ

រថយន្តលុចស៊ីចពាក់ស្លាក ខ.ម លួចបង្កប់ឈើប្រណីត ត្រូវសមត្ថកិច្ចខេត្តព្រះវិហារ ចាប់ជាប់ តែម្ចាស់រត់បាត់

ព្រះវិហារៈ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ មន្រ្ដីសង្កាត់រដ្ឋបាលព្រៃឈើគូលែននៃផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃ ផ្នែករដ្ឋបាលព្រៃឈើឆែប បានសហការជាមួយកម្លាំងស្នងការនគរបាលខេត្ត អធិការនគរបាលស្រុកគូលែន និងអធិការនគរបាលស្រុកឆែប ស្ទាក់ចាប់ឃាត់បានរថយន្ត ម៉ាក LEXUS (RX330) ចំនួន ០២គ្រឿង ដឹកជញ្ជូនឈើក្រញូងខុសច្បាប់។

រថយន្តដែលសមត្ថកិច្ចចាប់បាននោះ ទី១ រថយន្តលុចស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរភូមិន្ទ01 2-9204 ផ្ទុកឈើគ្រាក់ក្រញូងចំនួន ១២៩ដុំ ស្មើនឹង ០,៣៦៦ម៉ែត្រត្រីគុណ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាននៅចំនុចក្នុងវត្តគូលែនត្បូង ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ម្ចាស់រថយន្តល្មើសបានរត់គេចខ្លួន ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារបានស្ទូចរថយន្តនោះ មករក្សាទុកនៅទីចាត់ការខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារដើម្បីចាត់ការតាមនីតិវិធី។

ទី២ រថយន្តលុចស៊ីសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-8086 ផ្ទុកឈើគ្រាក់ក្រញូងចំនួន ៥៥ដុំ ស្មើនឹង ០,៥២៨ម៉ែត្រត្រីគុណ ត្រូវបានសមត្ថកិច្ចស្ទាក់ចាប់បាននៅចុងភូមិម្លូព្រៃមួយ ឃុំម្លូព្រៃមួយ ស្រុកឆែប ផ្លូវជាតិលេខ៩ ម្ចាស់រថយន្តបានរត់គេចខ្លួន រីឯវត្ថុតាងល្មើសខាងលើត្រូវបានកម្លាំងសង្កាត់រដ្ឋបាល ព្រៃឈើកំពង់ស្រឡៅម្លូព្រៃ បញ្ជូនយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើឆែបដើម្បីស្រាវជ្រាវ និងចាត់ការតាមនីតិវិធី៕

មតិយោបល់