ភ្នំពេញៈ ចាប់ពីពេលនេះតទៅប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញនិងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ និងពន្លឿនរាល់ការចេញឯកសារពាក់ព័ន្ធកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីងាយស្រួលដល់ពួកគាត់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ព្រោះកាលពីពេលកន្លងមក គ្រាន់តែបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ដី ធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ ត្រូវបានប្រើប្រាស់ពេលវេលាឲ្យប្រជាពលរដ្ឋមក ពិនិត្យផ្ទៀងផ្ទាត់ និងតវ៉ារយៈពេល៣០ថ្ងៃ។ ប៉ុន្តែចាប់ពីពេលនេះទៅត្រូវប្រើពេលតែ១៥ថ្ងៃប៉ុណ្ណោះហើយឯកសារប្លង់ដីដែលធ្វើរួច នឹងត្រូវយកទៅផ្តល់ជូនប្រជាពលរដ្ឋដល់ផ្ទះ មិនរង់ចាំទុកធ្វើបានច្រើន ហើយអញ្ជើញប្រជាពលរដ្ឋមកយកនោះទៀតទេ។
លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីរាជធានីភ្នំពេញបានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុង កិច្ចប្រជុំ ផ្សាយជាសាធារណៈ នូវឯកសារនៃការ វិនិច្ឆ័យដី ធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិ១៥ ម្ដុំសាលាកូលាប សង្កាត់ស្រះចក ខណ្ឌដូនពេញ ចំនួន៣៣០ក្បាលដី នាព្រឹកថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០១៦នេះ។
ក្នុងពិធីនោះដែតលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងតំបន់ វិនិច្ឆ័យនេះ មកពិនិត្យមើលឈ្មោះនិងទិន្នន័យក្បាលដីរបស់ខ្លួនឲ្យបានគ្រប់ៗគ្នាដោយមិនត្រូវឲ្យអ្នកដទៃ មកមើលជំនួសពីព្រោះអ្នកដទៃ មិនបានដឹងច្បាស់ពីប្រភេទទ្រព្យនិងទំហំដីពិតប្រាកដ របស់ខ្លួនឡើយ។
លោកបានបន្តទៀតថា ការមកផ្ទៀងផ្ទាត់និងមើលផ្ទាល់របស់ម្ចាស់ដីគឺជាប្រការមួយសំខាន់បំផុតព្រោះថាបើសិនជាយើងឆ្ងល់ប្រការណាមួយ ឬ ទិន្ន័យក្បាលដីរបស់យើងបានបាត់នោះ យើងអាចសាកសួរឬតវ៉ាទៅគណៈកម្មាការដែលប្រចាំការដើម្បីពិនិត្យឡើងវិញ និង ធ្វើការកែតម្រូវ។
គួរបញ្ជាក់ថា ចាប់តាំងពីខែតុលា ឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ កម្មវិធីអនុវិស័យ និង រដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានប្រមូលទិន្នន័យក្បាលដី បានចំនួន៦០សង្កាត់ ក្នុងចំណោម សង្កាត់ទាំង៩៦នៅទូទាំងរាជធានីភ្នំពេញ ដោយប្រមូលទិន្ន័យក្បាលដីបាន ជាង១លាន៥សែនក្បាលដីបានសម្រេចនឹងចេញប័ណ្ណជូនប្រជាពលរដ្ឋ៕








មតិយោបល់