បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តស៊េរីទំនើប១គ្រឿងម៉ាក VellFire ផលិតឆ្នាំ២០១៥ ចង្កូតឆ្វេង ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ ២AR-២៣៧៧ ជាប់អត្រាបង់ពន្ធខ្ពស់ត្រូវបានកម្លាំងសមត្ថកិច្ចគយអង្គភាពការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធប្រចាំតំបន់៥បានស្ទាក់ចាប់និងឆែកឆេរត្រួតពិនិត្យរកឃើញជាប្រភេទរថយន្តល្មើសច្បាប់គ្មានបង្កាន់ដៃពន្ធគេចពន្ធខុសច្បាប់ហើយរថយន្តនោះពាក់ស្លាកលេខក្លែងក្លាយដើម្បីបន្លំភ្នែកសមត្ថកិច្ចផងនោះទៀត។ រថយន្តនោះបានរងការបង្ក្រាប កាលពីវេលាម៉ោង៥និង៥៥នាទីនាល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នៅចំណុចកែងភ្លើងស្ដុបរវាងផ្លូវជាតិលេខ៦និងផ្លូវជាតិលេខ៥៦A ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈដែលរថយន្តបានធ្វើដំណើរនៅលើផ្លូវជាតិលេខ៦។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចគយឱ្យដឹងថា ការចាប់បង្ក្រាបរថយន្តស៊េរីទំនើបគេចពន្ធខុសច្បាប់សមត្ថកិច្ចគយអនុវត្តវិធានការរឹតបន្តឹងចំពោះរថយន្តនាំចូលរត់ពន្ធខុសច្បាប់ពីសំណាក់ក្រុមខិលខូចដែលនាំឱ្យខាតបង់ចំណូលថវិការដ្ឋហើយយកមកប្រើប្រាស់ប្រើក្នុងរូបភាពពាក់ស្លាកលេខក្លែងបន្លំដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច។ ការបង្ក្រាបអនុវត្តតាម បទបញ្ជារបស់លោក កើត សុទ្ធារ៉ា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំការបង្ក្រាបផ្ទាល់ពីលោក ឈូន សោភា ប្រធានការិយាស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់ប្រាំ និងលោក អាត អឿន អនុប្រធានការិយាល័យដឹកនាំកម្លាំងគយចលត័មួយក្រុមដោយសហការជាមួយសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស និងនគបាលខេត្តបន្ទាយមានជ័យ។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចគយឱ្យដឹងទៀតថា រថយន្តនោះជារបស់ឈ្មោះ ឡាយ ប៉េងអាន ភេទប្រុស អាយុ៣១ឆ្នាំ ប្រកបមុខរបរអ្នកជំនួញ មានស្រុកកំណើតនៅភូមិអូរតាគាំ២ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បច្ចុប្បន្នរស់នៅក្រុងប៉ោយប៉ែត។ រថយន្តស៊េរីទំនើបល្មើសច្បាប់និងខាងលើរួមនិងម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចគយចលត័តំបន់៥បាននាំយកមកកាន់ទីស្នាក់ការឈរជើងបណ្ដោះអាសន្នការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីកសាងកំណត់ហេតុល្មើសច្បាប់គយ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។
ជុំវិញនៃការបង្ក្រាបរថយន្តគេចពន្ធខុសច្បាប់បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចគយចល័តប្រចាំតំបន់៥ឱ្យដឹងថា សមត្ថកិច្ចគយនៅតែបន្តស្រាវជ្រាវស្វែងរកបង្ក្រាបរថយន្តល្មើសច្បាប់រត់ពន្ធខុសច្បាប់ថែមទៀតដោយអនុវត្តយ៉ាងតឹងរឹងបំផុតក្នុងវិធានការកៀរគរប្រមូលថវិការចូលរដ្ឋ៕
មតិយោបល់