ភ្នំពេញៈ បើយោងតាមអំណានចម្លើយ នៅក្នុងសវនាការ បន្តក្នុងព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ជនជាប់ចោទឈ្មោះ កូយ ចាន់ថុល ជាអង្គរក្សលោក ថោង សារ៉ាត់ ធ្លាប់បានសារភាពនៅដំណាក់កាល នគរបាល និងអយ្យការថា រូបគេដឹងថា ឈ្មោះ សៀង វាសនា និងឈ្មោះ លី សៅ ហៅវី ជាអ្នកបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ពិតប្រាកដមែន ព្រោះឈ្មោះ សៀង វាសនា និងឈ្មោះ លី សៅ ជាអ្នកប្រាប់ផ្ទាល់មាត់ ដោយថែមទាំងបញ្ជាក់ថា មានអ្នកជួលឲ្យសម្លាប់ចោល ជាថ្នូរនឹងទឹកប្រាក់ជាច្រើនផងដែរ។ ជនជាប់ចោទដដែល ក៏ធ្លាប់បានឆ្លើយថា មុនពេលបាញ់សម្លាប់ជនរងគ្រោះ ពួកគេបានជួបពិភាក្សា ជាមួយលោក ថោង សារ៉ាត់ ផ្ទាល់។
ប៉ុន្តែអ្វីដែលគួរឲ្យ កត់សម្គាល់នៅក្នុងសវនាការ គឺឈ្មោះ កូយ ចាន់ថុល បានបដិសេធថា ខ្លួនមិនដែលបាន ឆ្លើយបែបនោះទេ គឺខ្លួនសូម បដិសេធចោល ទាំងស្រុងនៅចម្លើយមុន។ ជនជាប់ចោទ បានទទួលស្គាល់ថា ខ្លួនជាមន្ត្រីយោធានៅកងពលតូច “ង៧០” ដែលលោក ថោង សារ៉ាត់ យកមកធ្វើជាអង្គរក្ស ដោយលោក ថោង សារ៉ាត់ បានធ្វើលិខិត បេសកកម្ម និងប័ណ្ណប្រើអាវុធ ម៉ាក CZ75 ព័ណ៌ស មួយដើម។
សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០១៦ នេះសមសភាពចៅក្រមជំនជ្រះ និងតំណាងអយ្យការ ដែលត្រូវចូលរួមនៅក្នុងអង្គសវនាការ នាព្រឹកនេះរួមមាន៖
-ទី១ លោក តុប ឈុនហេង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ
-ទី២ លោក ម៉េង តូនី ជាចៅក្រមប្រឹក្សា
-ទី៣ លោក ហេង កេសរោ ជាចៅក្រមប្រឹក្សា
-និងទី៤ លោក ហ៊ឹង ប៊ុនថន ជាតំណាងអយ្យការ
ដោយឡែកជនជាប់ចោទ ដែលនឹងត្រូវឈរនៅក្នុងរង្វង់ក្រចកសេះ ដើម្បីឲ្យ តុលាការវិនិច្ឆ័យសេចក្តី នោះរួមមាន៖
-ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្ម គិតទុកជាមុន (អវត្តមាន)
-ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី(អ្នកបាញ់) ភេទប្រុស អាយុ ៤២ឆ្នាំ ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន
-ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្ម គិតទុកជាមុន។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ង់តិ៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខហាងលក់ផ្លែឈើយីហោ ឡោតិចសេង ក្នុងខណ្ឌចំការមន។
គួររំឮកថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបាន លោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ឋនាគារ ពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
សំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅបន្តសវនាការ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ខាងមុខបន្តទៀត៕
https://www.youtube.com/watch?v=8Szsl_iDzc8&feature=youtu.be
មតិយោបល់