ភ្នំពេញ: កម្លាំងនគរបាលខណ្ឌមានជ័យដែលដឹកនាំដោយលោក ហួរ ម៉េងវ៉ាង អធិការរងទួលបន្ទុកផ្នែកព្រហ្មទណ្ឌ សហការជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនរយៈពេលជិត ៣ម៉ោង ដោយបានឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួន ២នាក់ ចំណែកឯជនសង្ស័យចំនួន ២នាក់ទៀតបានលោតចូលទៅក្នុងបឹងកំប្លោកគេចខ្លួនបាត់។
ក្នុងប្រតបត្តិការចុះបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន ៥កញ្ចប់ (ធំ៤កញ្ចប់ តូច១កញ្ចប់) និងវត្ថុតាងមួយចំនួនទៀត កាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងផ្ទះជួលគ្មានលេខមួយកន្លែង តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ដែលឃាត់ខ្លួនបានមានទី១-ឈ្មោះ យ៉ាន ស្រីម៉ៅ ភេទស្រី អាយុ ៣៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់ក្នុងផ្ទះកើតហេតុខាងលើ (ស្ត្រីរូបនេះក៏មានដីការតុលាការ បង្គាប់ឱ្យតាមចាប់ខ្លួនពីបទជួញដូរគ្រឿងញៀនផងដែរ) និងទី២-ឈ្មោះ ហួយ លីដែន ហៅណែត ភេទប្រុស អាយុ ៣១ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជាអ្នកប្រើប្រាស់គ្រឿងញៀន មានទីលំនៅនៅក្នុងភូមិតែមួយ និងបុរសជាជនសងសង្ស័យចំនួន ២នាក់ទៀតបានលោតចូលទៅក្នុងបឹកកំប្លោក រត់គេចខ្លួនបាត់នៅពេលដែលកម្លាំងរបស់លោកចុះទៅដល់។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ដោយមានបទបញ្ជាផ្ទាល់ពីលោក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ ទើបកម្លាំងរបស់លោកចុះធ្វើការស្រាវជ្រាវ និងឈានទៅដល់ការធ្វើប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅក្នុងផ្ទះខាងលើ ដោយធ្វើការឃាត់ខ្លួនបានមនុស្សប្រុសស្រីបានចំនួន ២នាក់ខាងលើ និងដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមសថ្លាចំនួន ៥កញ្ចប់ (ធំ៤កញ្ចប់ និងតូច ១កញ្ចប់) ជញ្ជីងថ្លឹងសំរាប់មួយចំនួន ១ម៉ូតូស៊េរីឆ្នាំ២០១៦ ព៌ណខ្មៅ គ្មានស្លាកលេខចំនួនមួយគ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ក្តៅគគុកនេះដែរ កម្លាំងនគរបាលខណ្ឌមានជ័យក៏នាំគ្នាធ្វើការឡោមព័ទ្ធផ្ទៃបឹងកំប្លោកដ៏ធំមួយនោះដោយមានទូកមួយគ្រឿងចែវរកអស់រយៈពេលរហូតទៅដល់ជិត ៣ម៉ោងផងដែរ នៅតែរកចាប់ជនសង្ស័យទាំងពីរនាក់មិនបាន ទើបបញ្ឈប់ការតាមរកនោះនៅម៉ោង ៨និង៤៥នាទីព្រឹកថ្ងៃដដែល។
ដោយបាននាំខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង ២នាក់ រួមទាំងថ្នាំញៀនចំនួន ៥កញ្ចប់ និងវត្ថុតាងមួយចំនួនទៀតយកទៅកាន់ងធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធីជាបន្តទៅទៀត៕
មតិយោបល់