ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បក្ខពួកវៀតណាម មួយហ្វូង រួមនឹងកូនប្រុស លោកមេភូមិ៦ ព្រួតគ្នាវាយបុរសម្នាក់ស្លាប់

ព្រៃវែងៈ បុរសជាកម្មករម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេល បញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីត្រូវកូនប្រុសរបស់លោកមេភូមិ៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងជនជាតិវៀតណាម មួយហ្វូង ព្រួតគ្នាវាយដល់មុខផ្ទះ។

ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង២១និង៣០នាទី ស្ថិតក្នុងភូមិ(៦) ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ស្រុកពាមរក៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ ខាងលើសមត្ថកិច្ច យើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យពាក់ព័ន្ធ បានចំនួន៥នាក់ យកមកសួរនាំនៅអធិការដ្ឋាន ហើយនៅពេលនេះ បើតាមចម្លើយរបស់ជនសង្ស័យ បានឲ្យសមត្ថកិច្ចដឹងថា ដើមហេតុគឺមកពីជនរងគ្រោះ ដែលបានស្លាប់ឈ្មោះសេង រ័ត្តធី ភេទ ប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិអ្នកលឿង ជាប់ភូមិប្រទល់ភូមិកើតហេតុ ប្រហែលជា៥០ម៉ែត្រ(រំលងផ្លូវលំ) បានទៅទិញបារីនៅផ្ទះរបស់ស្ត្រីចំណាស់ម្នាក់ ហើយបានរករឿងឈ្លោះគ្នា ជាមួយឈ្មោះវីរៈ ដែន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុលើ។

ក្រោយមកឈ្មោះសេង រ័ត្តធី បានទៅយកកាំបិត ដេញកាប់ឈ្មោះវីរៈ ដែន ត្រូវជើងខាងឆ្វេង។ ពេលនោះឈ្មោះវីរៈ ដែន ភ័យពេកបានស្រែកថា ចោរប្លន់ៗធ្វើឲ្យមានការឆោឡោឡើង ហើយឈ្មោះសេង រ័ត្តធី បានវាយទៅលើឈ្មោះង្វៀង យាំងតេវ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករ រស់នៅភូមិឃុំខាងលើបណ្ដាលឲ្យរបួស។ បន្ទាប់មកឈ្មោះង្វៀងយាំងកង អាយុ២៧ឆ្នាំ, ឈ្មោះង្វៀង យាំងនឿ ភេទប្រុសដូចគ្នា អាយុ៣០ និងឈ្មោះឡាំ យាំងសែង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំខាងលើ បាននាំគ្នាកាន់ព្រនង់ដំបង ដេញវាយឈ្មោះសេង រ័ត្តធី ដល់មុខផ្ទះបណ្ដាលឲ្យមានរបួសស្នាម ហើយបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ប៉ុន្តែនេះគ្រាន់តែជាចម្លើយ របស់ក្រុមជនសង្ស័យតែប៉ុណ្ណោះ។

ចំណែកឯប្រព័ន្ធ របស់ជនរងគ្រោះ ដែលមានឈ្មោះចាន់ ស៊ីណា ភេទស្រី អាយុ៣១ឆ្នាំ និងអ្នកជិតខាង បានប្រាប់ឲ្យអ្នកយកព័ត៌មាន យើងដឹងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ថា ជនរងគ្រោះជាប្ដីរបស់គាត់បានដើរ ទៅទិញបារីជក់នៅផ្ទះតៀមលក់ដូរ ដែលនៅជិតផ្ទះ។ នៅពេលដែលទិញបារី ហើយនោះ ក៏មានក្រុម ជនសង្ស័យខាង លើកំពុងផឹកស៊ីនៅទីនោះ និងបានសុំបារីប្ដីរបស់គាត់ជក់ តែគាត់មិនឲ្យ ទើបមានទាស់សម្ដីឌឺដងគ្នា។

បន្ទាប់មកឈ្មោះវីរៈ ដែន បានស្ទុះមកដាល់ប្ដីរបស់គាត់១ដៃចំភ្នែក ហើយប្ដីរបស់គាត់បម្រុងតដៃ ក៏ត្រូវក្រុមនោះព្រួតគ្នាវាយមកលើប្ដីគាត់។ ពេលនោះប្ដីគាត់បានរត់មកផ្ទះ ពេលមកដល់មុខផ្ទះ ដោយឃើញសភាពគេដេញវាយប្តីគាត់ៗបានរត់ចេញទៅជួយ ហើយក៏ត្រូវក្រុមនោះ វាយត្រូវជាច្រើនកន្លែងផងដែរ។ បន្ទាប់មកឈ្មោះវីរៈ ដែន បានជាន់លូ ត្រូវជើងខាងឆ្វេងដាច់ចេញឈាម ក្រោយមកក៏មានជនជាតិវៀតណាម ជាច្រើនស្ទើរតែ១ភូមិ ប្រដាប់ដោយដំបង ព្រនង់ និងកាំបិត មកវាយលើប្តីរបស់គាត់ រហូតដល់ស្លាប់ ក្រោយពេលបញ្ជូនដល់ មន្ទីរពេទ្យបង្អែកអ្នកលឿង។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបន្តឲ្យដឹងទៀតថា នៅពេលនោះ គឺមានបុរសម្នាក់ឈ្មោះស៊ុយ អាយុប្រហែលជាង៥០ឆ្នាំ បានស្រែកប្រាប់ ក្រុមជនសង្ស័យថា ពួកហ្អែងវ៉ៃវាឲ្យងាប់ អញជាអ្នកបង់លុយ។ តែក្រោយពេលកើតហេតុឈ្មោះ ស៊ុយ បានគេចខ្លួនបាត់។ នៅពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យបានចំនួន៥នាក់ នៅអធិការដ្ឋាននគរបាល ស្រុកពាមរក៍។

ជនសង្ស័យទី១.ឈ្មោះវីរៈ ដែន(ជាកូនមេភូមិ៦តែម្ដង ទី២. ឈ្មោះង្វៀង យាំងនឿ ទី៣.ឈ្មោះង្វៀង យាំងកង ទី៤.ឈ្មោះឡាំ យាំងសែង និងទី៥.ឈ្មោះតូ យាំងភុក។ ចំណែកបក្សពួកជនសង្ស័យម្នាក់ ទៀតឈ្មោះង្វៀង យាំងតេវដោយរបួសធ្ងន់ដែរនោះ ត្រូវបញ្ជូនទៅសង្គ្រោះនៅ ប្រទេសវៀតណាម។

ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ សូមឲ្យអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយរកយុត្តិធម៌ ក្នុងការតាមចាប់ក្រុមជនសង្ស័យ ដែលពាក់ព័ន្ធករណីខាងលើ មកផ្ដន្ទាទោសតាមច្បាប់ឲ្យអស់ផង៕

2016-08-08-12-47-542016-08-08-12-47-312016-08-08-12-46-392016-08-08-12-46-142016-08-08-12-48-06

 

មតិយោបល់