ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់លើកជណ្តើរផ្អែកជញ្ជាំង សង្កត់ប៉ះខ្សែភ្លើង បណ្តាលឲ្យឆ្លងឆក់ធ្លាក់ស្លាប់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ បុរសម្នាក់ស្លាប់បាត់ជីវិត បន្ទាប់ពីលើកជណ្តើរដែកផ្អែកជញ្ជាំង ក្នុងបំណងឡើងចងតម្ពក់ដែកសរសៃ ដើម្បីព្យួរកង្ហារ តែជាអនិច្ចា ជណ្តើរដែលលើកផ្អែកនោះ សង្កត់លើខ្សែភ្លើង ទើបឆ្លង បណ្តាលឲ្យឆក់ធ្លាក់ បង្កឲ្យភ្ញាក់ផ្អើលអ្នកភូមិ កំពុងជាប់ឃុំខ្ទប់ក្នុងភូមិ កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ នៅបន្ទប់ផ្ទះជួលលេខ២ ផ្លូវបេតុង ក្រុម៥ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ស៊ាង ប៊ុនណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ខេត្តកំពង់ចាម មានប្រពន្ធឈ្មោះ សុខា អាយុ៣៩ឆ្នាំ មុខរបរ អ៊ុតសក់ មានស្រុកកំណើតនៅ ខេត្តត្បូងឃ្មុំ ។

តាមពលរដ្ឋនៅក្បែរខាង ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានលើកកាំជណ្តើរដែក ទៅផ្អែកជញ្ជាំង គោលបំណងឡើងតម្ពក់ដែក តែដាក់គងសង្កត់លើខ្សែភ្លើង បែរជាឆ្លងឆក់ធ្លាក់ កម្ពស់ប្រហែល២ម៉ែត្រ សន្លប់បាត់មាត់ក ផ្អើលអ្នកភូមិ ជួយដឹកយកទៅផ្ទះពេទ្យក្បែរនោះ តែគ្មានអ្នកណាហ៊ានទទួលមើល ជួយសង្គ្រោះ ដឹកវិលមកផ្ទះវិញ ស្លាប់តែម្តង ។

ក្រោយកើតហេតុភ្លាមៗ អ្នកជិតខាងព្យាយាមជួយដឹកយកទៅផ្ទះពេទ្យដែរ តែគេមិនហ៊ានទទួល ព្រោះបិទទ្វារអស់ហើយ ក៏ដឹកជនរងគ្រោះវិលមកផ្ទះវិញ ស្លាប់តែម្តង ។

ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យសាកសួរ និងរាយការណ៍ទៅផ្នែកជំនាញ គ្រូពេទ្យទៅពិនិត្យតេស្តសំណាក លទ្ធផលពុំពាក់ព័ន្ធនឹងជម្ងឺកូវីដ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែង ដឹកសពយកទៅធ្វើបុណ្យ តាមប្រពៃណីឯស្រុកកំណើត ៕

មតិយោបល់