ភ្នំពេញៈ លោក លី សុផាណា អ្នកនាំពាក្យអយ្យអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការកាន់សំណុំរឿងផ្ទាល់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា “ជនជាប់សង្ស័យឈ្មោះ ថាក់ ឡានី មិនបានចូលខ្លួនដើម្បីឲ្យតំណាងអយ្យការស្តាប់ចម្លើយលើបណ្តឹងរបស់លោកមេធាវី គី តិច នៅក្នុងសំណុំរឿងលេខ៣៦៥៤ ចុះថ្ងៃទី១ សីហា ២០១៦ នៅរសៀលថ្ងៃនេះទេ ហើយតំណាងអយ្យការមិនអនុញ្ញាតលើការស្នើសុំពន្យាពេលស្តាប់ចម្លើយរបស់មេធាវី សំ សុគង់ ដោយសារការស្នើសុំពន្យាពេលនេះ មិនមានមូលដ្ឋានគតិយុត្តិ និងមិនមានមូលហេតុរបស់សាមីខ្លួនច្បាស់លាស់ ។ យើងកំពុងពិនិត្យលើចំណាត់ការបន្ត”។
គួរបញ្ជាក់ថា តំណាងអយ្យការបានចេញដីកាកោះហៅលោកស្រី ថាន់ ឡានី ចូលខ្លួនរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ ខណៈដែលលោក សម រង្ស៊ី ត្រូវតំណាងអយ្យកោះហៅឲ្យចូលខ្លួននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦។
ដោយឡែក កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្ដេចតេជោ ហ៊ុន សែន បានចូលបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការ ពាក់ព័ន្ធនឹងពាក្យបណ្ដឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្តឹងលោក សម រង្ស៊ី និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសង្គ្រោះជាតិ ជុំវិញការចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ជាអ្នករៀបចំគម្រោងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
ដើមចមនៃការប្តឹងលោក សម រង្ស៊ី គឺកាលពីថ្ងៃទី១០ ខែក្កដា ឆ្នាំ២០១៦ លោក សម រង្ស៊ី បានសរសេរលើទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ (Sam Rainsy) ថា “ការបាញ់សម្លាប់លោក កែម ឡី ជាអំពើភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច និងបានធ្វើកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ បញ្ជាក់ចោទប្រកាន់ដដែលៗ នាំឲ្យមហាជនដែលនិយមប្រើបណ្ដាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក បានធ្វើការចែករំលែក និងបញ្ចេញមតិថ្កោលទោសលើរាជរដ្ឋាភិបាលកម្ពុជា”។
ដោយឡែក ចំពោះលោកស្រី ថាក់ ឡានី វិញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានគេបង្ហោះវីដេអូឃ្លីបនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលលោកស្រីបានថ្លែងទៅកាន់ប្រជាពលរដ្ឋនៅឯខេត្តរតនគិរី ដោយមានខ្លឹមសារថា “ហើយឥឡូវនឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើង ចុះឡើងទៅបាញ់លោក កែម ឡី អ្នកវិភាគនយោបាយ ឃើញទៅ”៕
មតិយោបល់