ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួត-ចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយបានកិច្ចសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅផ្សារចំការដូង និងហាងលក់ទំនិញមួយចំនួនក្នងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយមានការគាំទ្រដោយរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៤៤គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ មានដូចជា៖ សណ្តែកបណ្តុះ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គា ត្រីងៀត ត្រីបង្ហើម សាច់ក្រក ។ល។
ជាលទ្ធផលមន្រ្តីកាំកុងត្រូលមិនបានពិនិត្យឃើញមានសារធាតុគីមីហាមឃាត់នៅលើគំរូម្ហូបអាហារទាំងនោះទេ។
ក្នុងឱកាសនោះ មន្រ្តីសាខាកាំកុងត្រូលក៏បានធ្វើការណែនាំដល់អាជីវករអោយយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារផងដែរ៕




មតិយោបល់