ភ្នំពេញៈ ក្រោយពីធ្វើការ បើកសវនាការ អស់ជាច្រើន លើករួចមកលោក ឃី ឆៃ ប្រធានក្រុមប្រឹក្សា ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាស សាលក្រមនៃសំណុំរឿង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ទៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខ ។
ជនជាប់ចោទ នៃសំណុំរឿងនេះរួមាន៖
១. Okorom Nhabufe Favour ភេទប្រុស អាយុ ៣៦ឆ្នាំ
២. Izuchkwu Chukwuma ភេទប្រុស អាយុ ៤០ឆ្នាំ
៣. Nname Zie Voctor ភេទប្រុស អាយុ ៣០ឆ្នាំ
៤. Simon Maduka Ukandu ភេទប្រុស អាយុ ៤៥ឆ្នាំ
៥. Sund Nwabuisi ភេទប្រុស អាយុ ៣១ឆ្នាំ
៦. Okarom Kizito Chimedu ភេទប្រុស អាយុ ៣៥ឆ្នាំ
៧. Francis Nnamdi ភេទប្រុស អាយុ ៣០ឆ្នាំ
៨. Tony MMaduka Chukwounye ភេទប្រុស អាយុ ៣៤ឆ្នាំ
៩. ម៉ន វិនយ៉ុន ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ
ជនជាប់ចោទទាំង៩នាក់ ត្រូវបានលោក ស្រី ម៉ាកនី តំណាងអយ្យការ ចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ៨០២,៤៤ក្រាម ប្រព្រឹត្តនៅភោជនីយដ្ឋាន KFC សាខាផ្សារសុវណ្ណា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ បទល្មើស ដែលមានចែង ឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យ គ្រឿងញៀន។
នៅក្នុងសវានាការជនជាប់ចោទ ជាជនជាតិស្បែកខ្មៅទាំង៨នាក់ បានបដិសេធថា ពួកគេមិនបានដឹងរឿង និងមិនបានធ្វើ សកម្មភាពជួញដូរ គ្រឿងញៀន ដូចការចោទប្រកាន់ របស់តុលាការនោះទេ។
ដោយឡែកជនជាប់ចោទឈ្មោះ ម៉ន វិនយ៉ុន ជាជនជាតិខ្មែរ បានសារភាពថា នាងស្គាល់ឈ្មោះ Tony MMaduka Chukwounye ដោយក្លាយជា សង្សានឹងគ្នា។ នាងបន្តថា ឈ្មោះ Tony MMaduka Chukwounye បានឲ្យនាង យកប្រអប់ទូរស័ព្ទ iPhone ទៅប្រគល់ឲ្យបុរសក្មេងៗ នៅក្នុងភោជនីយដ្ឋាន KFC រៀងរាល់ថ្ងៃ និងជាច្រើនដង ក្នុងមួយថ្ងៃៗ ដោយឈ្មោះ Tony MMaduka Chukwounye បានឲ្យលុយនាង ក្នុងមួយថ្ងៃ ១០០ដុល្លារ។
នាងបដិសេធថា នាងមិនបានដឹងថា ក្នុងប្រអប់ទូរស័ព្ទ iPhone នោះមានគ្រឿងញៀន នោះទេ ទើបតែដល់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នាងត្រូវសមត្ថកិច្ចឃាត់ខ្លួន ទើបដឹងថា វាជាប្រអប់គ្រឿងញៀន៕
https://www.youtube.com/watch?v=OZ86g9dAE14&feature=youtu.be
មតិយោបល់