កំពង់ឆ្នាំងៈ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរ ក្រឡាប់រថយន្ដដឹកកម្មការិនី រោងចក្រអឹមវេ បណ្ដាលឲ្យកម្មករ ជាង២០នាក់ ស្លាប់ និងរងរបួសធ្ងន់-ស្រាល កាលពីវេលាម៉ោង៦និង៤៥នាទី ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ តាមផ្លូវជាតិលេខ៥ ចំណុចផ្លូវកោង ដើមពោធិជិតស្ពានជ្រៃបាក់ ក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ សមត្ថកិច្ចស្រុករលាប្អៀរ បានឲ្យដឹងថា រថយន្តដឹកកម្មករ ជួបគ្រោះថ្នាក់នេះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ញ៣៩១២ ភព២ បើកបរដោយ ឈ្មោះ សឿន នៅភូមិជើងគ្រាវ ឃុំជើងគ្រាវ ស្រុករលាប្អៀរ។ មុនពេលកើតហេតុរថយន្តនេះ បានដឹកកម្មការិនី ប្រមាណជាង៤០នាក់ ពីភូមិមកកាន់រោងចក្រអឹមវេ ក្រុងកំពង់ឆ្នាំង។
ពេលមកដល់ចំណុចកើតហេតុជា ផ្លូវបត់កោង បានដាច់ម៉ែត្រ ចង្កូត ដែលគេរុំចងកៅស៊ូ បញ្ជា ចង្កូតលែងបាន ក៏បានបើកចូលផ្ទះអ្នកស្រុក បុកម៉ូតូ០១៦ មួយឈប់នៅមុខផ្ទះខ្ទេច ក្រឡាប់ ប៉ះជើងចាក់កម្មការិនី ទាំងអស់ចោលពីលើរថយន្ដ តែម្តង បណ្តាលឲ្យកម្មការិនីជាង១០នាក់ របួសធ្ងន់ និងស្រាល ។ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ រថយន្តរបស់មន្ទីរពេទ្យខេត្ត បានដឹកជនរងគ្រោះ យកទៅសង្គ្រោះនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ក្រុមគ្រូពេទ្យខេត្ត បានឲ្យដឹងថា កម្មការិនី ដែលបានដឹកចូលព្យាបាល របួសនៅក្នុង មន្ទីរពេទ្យខេត្ត មានចំនួនតែ ៩នាក់ ប៉ុណ្ណោះ ។ ចំណែកម្នាក់ទៀត បានស្លាប់ក្នុងពេល កំពុងសង្គ្រោះបន្ទាន់។ ស្ត្រីជាមេការ កម្មការិនីក្នុងរោងចក្រអឹមវេ និងមន្ត្រី ប ប ស ខេត្ត ដែលបានចុះពិនិត្យអ្នក របួសនៅក្នុងមន្ទីរពេទ្យខេត្ត បានឲ្យដឹងថា ស្ត្រីជាកម្មការិនី ដែល បានស្លាប់មានឈ្មោះ ឃន វណ្ណី អាយុ៣៥ឆ្នាំ ។ ចំណែក កម្មការិនី ដែលរបួសដេកពេទ្យ មានចំនួន៩នាក់ និងរបួសស្រាល នៅក្រៅពេទ្យ អាចជាង១០នាក់ទៀត៕
មតិយោបល់