រតនគិរីៈ មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើន ឲ្យដឹងថា លោកឧកញ៉ា រិទ្ធី សី គឺជាមេខ្លោងក្នុងការបំផុសឲ្យប្រជាពលរដ្ឋចូលទៅកាប់បំផ្លាញព្រៃឈើ នៅតំបន់អភិរក្សព្រៃឈើ និងឧទ្យានជាតិផ្សេងៗ នៅក្នុងខេត្តរតនគិរី ហើយដឹកតាមរថយន្តយកមកចែកចាយតាមដេប៉ូឈើយ៉ាងរំភើយ។
ប្រភពខាងលើ បានឲ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ នាដើមខែសីហា ឆ្នាំ២០១៦នេះ គេសង្កេតឃើញរថយន្តយីឌុបចំនួន៧ទៅ៨គ្រឿង របស់លោកឧកញ៉ា សី ដឹកឈើក្រហមលេខ២ ប្រភេទគ្រឿងផ្ទះចែកចាយតាមដេប៉ូតាមបណ្តាស្រុកមួយចំនួននៅក្នុងខេត្តនេះ ដោយគ្មានឃើញសមត្ថកិច្ចណាបង្ក្រាបនោះឡើយ ដោយសារតែមន្ត្រីទាំងនោះរងការចោទថា ពាក់ព័ន្ធជាមួយវ័យក្មេងឧកញ៉ា រិទ្ធី សី។
មន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ បានលួចប្រាប់ឲ្យដឹងថា ឯកសារ និងអាជ្ញាប័ណ្ណនាំឈើចេញដែលឧកញ៉ា សី សុំដឹក គឺក្នុងមួយរថយន្តយីឌុបតែ១៦ម៉ែត្រគូបប៉ុណ្ណោះ ប៉ុន្តែគេសង្កេតឃើញរថយន្តយីឌុបប្រភេទយក្សផ្ទុកឈើគ្រឿងពី៣០ទៅ៤០ម៉ែត្រគូបឯណោះ។
ពាក់ព័ន្ធករណីនេះ លោក ហុង សុវណ្ណរាន នាយផ្នែករដ្ឋបាលព្រៃឈើ គ្រប់គ្រង៣ស្រុក មានស្រុកលំផាត់ ស្រុកកូនមុំ និងក្រុងបានលុង ត្រូវគេចោទដែរថា មិនខ្វល់ខ្វាយនឹងការកាប់បំផ្លាញព្រៃឈើក្នុងដែនគ្រប់គ្រងរបស់ខ្លួនឡើយ គិតតែពីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ ជាមួយគ្នានេះ Post News បានទំនាក់ទំនងតាមទូរស័ព្ទទៅលោកនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នឹងទៅជួបផ្ទាល់លោកដែរ តែលោកតែងតែគេចវេសថា ជាប់រវល់មិនចង់ជួបអ្នកសារព័ត៌មាននោះទេ។
គួរបញ្ជក់ផងដែរថា ការដឹកជញ្ជូនផលអនុផលព្រៃឈើតាមរថយន្តតូចធំឆ្លងកាត់មុខស្នាក់ការរបស់លោកមេព្រៃ ហុង សុវណ្ណរាន គឺលោកមិនដែលបើកភ្នែកមើលឃើញ និងបង្ក្រាបនោះឡើយ៕
មតិយោបល់