ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) លោក ស៊ុន សុធា ប្រធានក្រុមប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ខ្លាំងជាងតោជាប់ទ្រុង

ខ្សឹបៈ ក្រុមមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃច្រើននាក់ ក៏ដូចជាមន្ត្រីនគរបាលនៅខេត្តកំពង់ស្ពឺ បានខ្សឹបមកប្រាប់នាយក្រាមប្រៃឲ្យដឹងថា លោក ស៊ុន សុធា មានតួនាទីជាប្រធានក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រតិបត្តិការខេត្តកំពង់ស្ពឺ និងផ្លូវជាតិលេខ៤ កំពុងតែប្រើអំណាចឥទ្ធិពលគ្របដណ្តប់ទៅលើមន្ត្រីនគរបាលខេត្ត ការដាក់ពង្រាយកុងត្រូលជជុះ និងឲ្យកូនចៅដេញបង្ក្រាបក្រុមអ្នករកស៊ី ជម្រិតយកលុយយ៉ាងអនាធិបតេយ្យ ដោយគ្មាននាក់ណាហ៊ានក្អកជាមួយឡើយ ដោយសារតែអំណាចគាត់ ខ្លាំងជាងតោជាប់ទ្រុងទៅទៀត ដោយយកលេសធ្វើតាមបញ្ជាលោកអគ្គ។

ក្រុមមន្ត្រីនគរបាលខាងលើនេះបានប្រាប់នាយក្តាមប្រៃឲ្យដឹងទៀតថា អ្នករកស៊ីទាំងតូចទាំងធំ ដែលដឹកទំនិញឆ្លងកាត់ខេត្តកំពង់ស្ពឺ ពិសេសឆ្លងកាត់ផ្លូវជាតិលេខ៤តែម្តង មិនអាចគេចផុតពីការតាមប្រមាញ់របស់ក្រុមកូនចៅលោក ស៊ុន សុធា នេះឡើយ ទោះបីទំនិញទាំងនោះមានច្បាប់ មានបង់ពន្ធគ្រប់ក៏ដោយ ក៏ក្រុមនគរបាលរបស់លោក ស៊ុន សុធា ធ្វើការគាបជម្រិតយកលុយបានយ៉ាងងាយដែរ ដោយគ្មានការយោគយល់ឡើយ។

ក្រុមមន្ត្រីដដែលបានបន្តខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា លោកវរសេនីយ៍ ស៊ុន សុធា ប្រធានក្រុមនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រតិបត្តិការខេត្តកំពង់ស្ពឺ រូបនេះ គាត់មានអំណាច មានឥទ្ធិពលខ្លាំង មិនខ្លាចអ្នកណា នេះមកពីគាត់មានខ្នងបង្អែករឹងមាំ ថ្នាក់ឧបនាយករដ្ឋមន្ត្រី និងមានឪពុកជាអ្នកតំណាងរាស្ត្រផងដែរ អ៊ីចឹងហើយ ទើបលោក ស៊ុន សុធា បានចាយលុយទិញយក លិខិតបេសកកម្ម ជាប្រធានក្រុមប៉ូលិសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រតិបត្តិការខេត្តកំពង់ស្ពឺ ពីលោកផ្កាយ៣ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដើម្បីបានចុះបំពេញភារកិច្ច ត្រួតពិនិត្យ បទល្មើសសេដ្ឋកិច្ច តាមផ្លូវជាតិលេខ៤ ដែលមានមូលដ្ឋានធំ ក្នុងខេត្តកំពង់ស្ពឺ រហូតទទួលបានជោគជ័យក្នុងផែនការ នៃមហិច្ឆតារបស់ខ្លួន ដោយលោក ស៊ុន សុធា បានដាក់ផែនការឲ្យកូនចៅ ដែលមានជំនាញខាងចុះប៉ុស្តិ៍ និងប្រដេញរថយន្តដឹកទំនិញគ្រប់សារពើ ពិសេសពីឈ្មួញរកស៊ីដឹងឈើប្រណីត។

ប្រភពពីក្រុមមន្ត្រីនគរបាលខាងលើនៅបានបន្តខ្សឹបប្រាប់មកនាយក្តាមប្រៃឲ្យដឹងទៀតថា លោក ស៊ុន សុធា ធ្លាប់ចុះទៅបំពេញការងារ នៅខេត្តស្ទឹងត្រែង និងខេត្តបាត់ដំបង ហើយពេលនោះគាត់ត្រូវរងនូវការរិះគន់យ៉ាងខ្លាំង ពីរឿងកៀរគរក្រុមឈ្មួញ ដែលរកស៊ីដឹកជញ្ជូនឈើ និងទំនិញគេចពន្ធ ឲ្យចូលបង់លុយ ដើម្បីចៀសផុតពីការបង្ក្រាប និងធ្វើសកម្មភាពតាមអំពើចិត្តដោយគ្មានគោរពអាជ្ញាធរខេត្តនោះឡើយ។ ហើយពេលនេះចាប់តាំងពីលោក ស៊ុន សុធា បានទទួលលិខិតបេសកកម្ម ជាប្រធានក្រុមប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំប្រតិបត្តិការខេត្តកំពង់ស្ពឺ កាលពីដើមខែសីហា កន្លងទៅនេះ លោក ស៊ុន សុធា បានបែងចែកកម្លាំងក្រោមឱវាទទៅតាមជំនាញ ដើម្បីប្រមូលលុយ យកមកបង់ជូនគាត់ ហើយគាត់ចាំដេកអេះពោះ ប្រមូលលុយដុំៗយ៉ាងត្រជាក់មេជើង និងយកទៅបង់ជូនថ្នាក់លើបន្តផងដែរ។

ប្រភពដដែលបានខ្សឹបបញ្ជាក់ប្រាប់នាយក្តាមប្រៃឲ្យដឹងទៀតថា ខេត្តកំពង់ស្ពឺ គឺជាប៉ុស្តិ៍ខ្លាញ់ជាងគេ ក្នុងមួយខែៗអាចប្រមូលលុយ តាមរបៀបពុករលួយ យកទៅចែកគ្នា ច្រកហោប៉ៅ មិនតិចជាង៣ម៉ឺនដុល្លារនោះទេ ម្ល៉ោះហើយប៉ុស្តិ៍ប៉ូលិសសេដ្ឋកិច្ចក្រសួងប្រចាំខេត្តកំពង់ស្ពឺ មានការប្រជែងដេញថ្លៃគ្នា យ៉ាងស្វិតស្វាញបំផុត ទើបទទួលបានតំណែងជាប្រធានប៉ុស្តិ៍ខ្លាញ់នេះ។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខ្សឹបខាងលើនេះដែរ ក្រុមអ្នករកស៊ីបានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងផងដែរថា ជារៀងរាល់ថ្ងៃ ក្រុមអ្នករកស៊ី ដែលបានដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ ឆ្លងកាត់ផ្លូវជាតិលេខ៤ ពីខេត្តព្រះសីហនុ និងខេត្តកោះកុង បានរអ៊ូរទាំពីសកម្មភាពកោសរូស បង្ខំឲ្យបង់លុយ ពីសំណាក់មន្ត្រី ប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់លោក ស៊ុន សុធា ដែលឈរជើង នៅតាមដងផ្លូវជាតិលេខ៤ និងទូទាំងខេត្តកំពង់ស្ពឺ ពិសេសក្នុងស្រុកភ្នំស្រួច ដែលក្រុមប៉ូលិសនេះបានដាក់កំហិត ឲ្យពួកគាត់បង់លុយ ទៅតាមតែអំពើចិត្ត មិនអាចសុំចុះថ្លៃបានទេ ក្រោមលេស ធ្វើតាមបញ្ជា របស់មេថ្មី (លោកស៊ុន សុធា)។ ហើយគេមិនដឹងថា មន្ត្រីនគរបាល ដែលចុះដាក់ប៉ុស្តិ៍ជជុះ តាមដងផ្លូវនោះ បង់លុយថ្លៃទិញប៉ុស្តិ៍ ជូនលោក ស៊ុន សុធា ក្នុងមួយខែប៉ុន្មាននោះទេ ទើបពួកគេអាចធ្វើអ្វីៗ តាមតែអំពើចិត្ត មិនដែលខ្វល់ខ្វាយ ពីសេចក្តីណែនាំ របស់សម្តេចក្រឡាហោមនោះឡើយ។

ប្រភពបានខ្សឹបប្រាប់នាយក្តាមប្រៃឲ្យដឹងទៀតថា ក្រុមអ្នករកស៊ី ដឹកជញ្ជូនឈើ និងទំនិញ តាមផ្លូវជាតិលេខ៥ ត្រូវតែទំនាក់ទំនង ចូលបង់លុយឲ្យនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមបញ្ជារបស់លោក ស៊ុន សុធា ដែលដាក់ប៉ុស្តិ៍នៅក្បែរផ្សារឧដុង្គ ទៅតាមតម្លៃ ដែលពួកគេបានកំណត់ មានដូចជា លុយប្រចាំខែ ប្រចាំជើង និងលុយថ្លៃបាយ យ៉ាងតិច១ម៉ឺនទៅ២ម៉ឺនរៀល ចំពោះទំនិញស្របច្បាប់ បង់ឲ្យទៅក្រុមមន្ត្រី ដែលប្រចាំការតាមប៉ុស្តិ៍ជជុះទាំងនោះ។ សម្រាប់ក្រុមឈ្មួញ ដែលរកស៊ីដឹកជញ្ជូនទំនិញ ប្រើប្រាស់រថយន្តយីឌុប ទាំងខ្សែៗ ភាគច្រើនដឹកទំនិញគេចពន្ធ ឬទំនិញខុសច្បាប់ ត្រូវទំនាក់ទំនង បង់លុយដុំជូនលោក ស៊ុន សុធា តាមរយៈមន្ត្រីដែលឈរជើងនៅតាមប៉ុស្តិ៍ ។ ហើយក្រៅពីនេះ ក៏មានមន្ត្រីក្រោមឱវាទច្រើនទៀត ដែលមានជំនាញស្ពាយកាតាប ដើរប្រមូលលុយពីឈ្មួញ តាមក្រុមហ៊ុន ឬតាមហាងកាហ្វេ តាមផ្ទះធ្វើអាជីវកម្មជម្រិតយកលុយដោយគ្មានអៀនខ្មាសអ្វីឡើយ៕

នាយក្តាមប្រៃយើងនិងរង់ចាំទទួលរាល់ការខ្សឹបប្រាប់ពីសំណាក់គ្រប់មហាជន គ្រប់មន្ត្រីរាជការ ដែលមានបំណងផ្តល់ព័ត៌មានមកដល់នាយយើង ដើម្បីបានខ្សឹបទៅឲ្យថ្នាក់លើ និងមហាជនបានដឹង សូមអគុណ!!!

មតិយោបល់