អាមេរិក: ក្រុមហ៊ុនអាកាសចរណ៍ Delta Air Line Inc បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរប្រហែល២៥ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែ អាកាសធាតុមិនអំណោយផល ខណៈប្រតិបត្តិការត្រឡប់ទៅវិលធម្មតាវិញ បន្ទាប់ពីមានដាច់ប្រព័ន្ធភ្លើង កុំព្យូទ័រ កាលពីថ្ងៃចន្ទ ដែលនាំឱ្យមានការលុបចោលការហោះហើរជិត ២.០០០។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី១១ សីហា ឆ្នាំ២០១៦។
បន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយរួច ក្រុមហ៊ុនអាកាសចរណ៍នេះ បានព្រមានថា អ្នកដំណើរជាច្រើននៅតែប្រឈមមុខនឹងការពន្យារពេលនិងលុបចោល ដោយសារតែផលប៉ះពាល់នៃការរំខានមុននេះ។ នៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានបម្រើអតិថិជនចំនួនប្រហែល ១៨០លាននាក់ក្នុងមួយឆ្នាំ ហើយបានជួលបុគ្គលិកជាង ៨០.០០០នាក់។
សូមបញ្ជាក់ថា Delta ជាប់ចំណាត់ថ្នាក់ទីបីនៅលើពិភពលោក នេះបើយោងតាមស្ថាប័នឧស្សាហកម្មសមាគម IATA។ ក្រុមហ៊ុននេះ បានណែនាំឱ្យអតិថិជនដើម្បីពិនិត្យមើលស្ថានភាពនៃការហោះហើររបស់ខ្លួន មុនពេលធ្វើដំណើរទៅព្រលានយន្តហោះផងដែរ៕
មតិយោបល់