ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ប្រតិកម្មនឹងការលើកទ្បើងថា ដោះលេងជនសង្ស័យ ០២នាក់

ភ្នំពេញ: លោក ថន ប៊ុនថា នាយនគររដ្ឋបាល ប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ នៅព្រលប់ថ្ងៃទី២១ មេសា នេះបានប្រតិកម្មនិងបដិសេធ ជុំវិញការដោះលែងជនសង្ស័យ ២នាក់ ពាក់ពន្ធ័នឹងករណី ទុយោកែងនៅក្នុងបុរីល្អពេញចិត្ត។

បើតាមលោក ថន ប៊ុនថា (រឿងនេះ ថៅកែសំណង់ បានសុំសម្របសម្រួលបញ្ចាប់ហើយ ដោយគាត់ចាត់ទុកជារឿងតូចតាច ហើយខ្ញុំក៍បានដោះលែងផងដែរ ពីព្រោះវាមិនមែនជាបទល្មើសធំដុំ)។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ បានធ្វើជិះល្បាតជុំវិញមូលដ្ឋាន ពេលនោះស្រាប់តែបានប្រទះឃើញជនសង្ស័យ ០២នាក់ ដែលបានធ្វើសកម្មភាពលួចទុយោកែង ដោយក្នុងនោះ មានបុរសម្នាក់អង្គុយនៅលើម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ បានអង្គុយចាំមើលផ្លូវ រីឯម្នាក់ទៀតបាន ធ្វើសកម្មភាពលួចយកទុយោកែង ។ ស្រាប់តែពេលនោះ កម្លាំងសមត្ថកិច្ចមានការសង្ស័យ ក៏បានហៅត្រួតពិនិត្យ និងឆែកឆេរបានរកឃើញនៅទុយោកែងជាច្រើន ហើយកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនតែម្តង ។

ក្រោយមកកម្លាំងសមត្ថកិច្ចបានប្រគល់ខ្លួនជនសង្ស័យទាំង ០២នាក់ឲ្យទៅមេប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ ដើម្បីធ្វើការសាកសួរ ព្រោះអីទីតាំងខាងលើ ស្ថិតនៅក្នុងភូមិសាស្រ្តព្រំប្រទល់សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឫស្សីកែវ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវប្រគល់ឲ្យ ។

គួររំលឹកផងដែរថា ជនសង្ស័យទាំង ០២នាក់ខាងលើ គឺជាកម្មករធ្វើការនៅក្នុងបុរីល្អពេញចិត្ត ដែលស្ថិតនៅក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ជាជាងភ្លើង និងជាងតបណ្តាញទឹក។

ក្រោយពីបានបញ្ជូនខ្លួនជនសង្ស័យទាំង ០២នាក់ខាងលើមកកាន់ប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦រួចមក ស្រាប់ព្រឹកឡើង លោក ថន ប៊ុនថា មេប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ បានដោះលែងឲ្យជនសង្ស័យទាំង ០២នាក់ឲ្យត្រឡប់ទៅវិញ៕

photo_2016-04-21_18-46-55 photo_2016-04-21_18-46-57 photo_2016-04-21_18-46-58

មតិយោបល់