ឥណ្ឌូនេស៊ី: អាជ្ញាធរឥណ្ឌូនេស៊ី បានបំផ្លាញទូកយ៉ាងហោចណាស់ចំនួន ៨គ្រឿង កាលថ្ងៃចន្ទ ទី១៥ សីហាម្សិលមិញនេះ ដើម្បីរំលឹកដល់ទិវាបុណ្យជាតិរបស់ប្រទេសនេះ ដែលជាប្រទេសអាស៊ីអាគ្នេយ៍ធំជាងគេ ក្នុងបង្ក្រាបទៅលើការនេសាទខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៦។
ទូកនេសាទខុសច្បាប់ចំនួន ៨គ្រឿង មកពីប្រទេសហ្វីលីពីន ត្រូវបានបំផ្លាញនៅលើសមុទ្រនៃភាគខាងជើងខេត្តម៉ាលូគូនិងភាគខាងជើងខេត្តស៊ូឡាវ៉េស៊ី។ តំបន់ទាំងពីរនេះ ត្រូវបានគេស្គាល់ផងដែរសម្រាប់ធនធានសមុទ្ររបស់ខ្លួន។ ប្រទេសនេះបានសន្យាថា នឹងដោះស្រាយជាមួយសកម្មភាពខុសច្បាប់ ដែលចេះតែកើនឡើងនូវទូកនេសាទបរទេសជាង ២០គ្រឿង ដែលចាប់បាននៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីឆ្នាំ២០១៤។
កាលពីដើមឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ីនិងសហរដ្ឋអាមេរិក បានប្រកាសពីកម្មវិធីភាពជាដៃគូ ដើម្បីកែលម្អការអនុវត្តច្បាប់សមុទ្រនិងកាត់បន្ថយការនេសាទខុសច្បាប់។នៅឆ្នាំ២០១៦នេះ មានការប៉ះទង្គិចគ្នារវាងនាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ីនិងទូកនេសាទចិន នៅកោះ Natuna។
សូមបញ្ជាក់ថា ប្រតិបត្ដិការនេះដែលត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ត្រូវបានគេរំពឹងថា នឹងបំផ្លាញទូកនេសាទចំនួន ៧១គ្រឿង នៅថ្ងៃពុធស្អែកនេះ ចំពេលដែលប្រទេសឥណ្ឌូនេស៊ី នឹងប្រារព្ធទិវាឯករាជ្យជាតិរបស់ខ្លួនលើកទី ៧១ឆ្នាំ៕
មតិយោបល់